ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការរដ្ឋានពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)
AKP កំពង់ចាម ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនទទួលការ ព្រមទាំងអ្នកពាក់ព័ន្ធ នាព្រឹកថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការរដ្ឋានពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ មកដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ផ្នែកខាងលិច ដែលជាចំណងដៃថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។

មន្ត្រីជំនាញបានបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ពី២គន្លង ទៅជា៤គន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម និងជាបួនគន្លងចាប់ពីរង្វង់មូលស្គន់ មកដល់ រង្វង់មូលស្ពានគីហ្សូណាកំពង់ចាម មានប្រវែង៤៥,៥០៤ គីឡូម៉ែត្រ សម្រេចបានលទ្ធផលប្រមាណជិត ៦០ភាគរយហើយ។ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវធ្វើឡើងជាប្រភេទAC (Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨ (ស្មើប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន៧ស្ពាន (ស្មើប្រវែងសរុប ១១៦ម៉ែត្រ),លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរផងដែរ។ ផ្លូវនេះមានសារៈសំខាន់ណាស់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ក្នុងការ ធ្វើដំណើរនិងដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម ដើម្បីទ្រទ្រង់ដល់សេដ្ឋកិច្ច-សង្គមជាតិ។ ផ្លូវជាតិលេខ៧ ក៏ជាសរសៃឈាមលើវិស័យទេសចរណ៍ផងដែរ ព្រោះវាបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងឆ្ពោះកាន់ខេត្តកំពង់ធំ សៀមរាប ហើយក៏បានតភ្ជាប់ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី និងបានតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេសនៃមហាអនុតំបន់មេគង្គ(GMS)ផងដែរ។

ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃនិងសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ កំពុងដំណើរការយ៉ាងមមាញឹក។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តក៏បានស្នើឱ្យក្រុមការងារខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការ ធ្វើការសហការឱ្យបានជាប់ជាប្រចាំ ជាមួយក្រុមការងារក្រសួង, អាជ្ញាធរពាក់ព័ន្ធ ក្នុងការពិនិត្យ តាមដានការរដ្ឋានខាងលើឲ្យមានគុណភាពខ្ពស់ ស្តង់ដារ ដើម្បីប្រើប្រាស់បានគង់វង្សយូរអង្វែង។
សូមបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។រយៈពេលនៃការសាងសង់មាន៤០ខែ តាមផែនការគម្រោងនឹងបញ្ចប់១០០% នៅអំឡុង ខែកក្កដា ឆ្នាំ២០២៧ខាងមុខនេះ ។ដោយផ្អែកនៃល្បឿនសកម្មភាពនៃល្បឿនការងារ មកដល់ពេលនៃដែលសម្រេចបាន ប្រមាណជិត ៦០%ហើយនោះ គម្រោងនេះអាចបញ្ចប់នៅអំឡុងឆ្នាំ២០២៦ខាងមុខ អាចនឹងលឿនជាងផែនការក្នុងគម្រោង៕
ដោយ ឆាយ ម៉ុត





