ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអានសៀវភៅរាល់ថ្ងៃគឺជាការដាក់ជីសម្រាប់ខួរក្បាល
AKP កំពង់ធំ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម ហង្ស ច័ន្ទវរៈ ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ការអានសៀវភៅរាល់ថ្ងៃគឺជាការដាក់ជីសម្រាប់ខួរក្បាល ក្នុងពិធីសំណេះសំណាល និងចែកសៀវភៅសីលរតនៈជាធម្មទានដ៏ថ្លៃថ្លារបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់លោកគ្រូ អ្នកគ្រូ និងក្រុមគ្រូពេទ្យ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក លី វេត អភិបាលរងខេត្តកំពង់ធំ កងកម្លាំងទាំង៣ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកគ្រូ អ្នកគ្រូ និងក្រុមគ្រូពេទ្យ ប្រមាណជាង ៣៥០ នាក់។

ឯកឧត្តម ហង្ស ច័ន្ទវរៈ បានបញ្ជាក់ថា ការអានគឺជាសារៈប្រយោជន៍ដ៏សំខាន់មួយ សម្រាប់មនុស្ស វាមិនត្រឹមតែជួយដល់ការរៀនសូត្រ បង្កើនចំណេះដឹងនោះទេ វាក៏ល្អសម្រាប់ខួរក្បាលផងដែរ។ វិធីនៃការអានមិនមែនអានសៀវភៅតែមួយនោះទេ អ្នកអាចអានកម្សាន្ត ឬបង្កើនចំណេះដឹង តាមរយៈទស្សនាវត្តី កាសែត ព័ត៌មាន ឬអត្ថបទស្រាវជ្រាវ។ ហើយអត្ថប្រយោជន៍មួយចំនួនសម្រាប់ខួរក្បាល ដែលអ្នកអាចទទួលបានពីការអាន គឺឱ្យយើងជួបនឹងគំនិតថ្មីៗ ជួយបង្កើនសមត្ថភាពរបស់យើង លើការយល់ចិត្តអ្នកដទៃ បង្កើនចំណេះដឹង បង្កើនសុខភាពខួរក្បាល ជួយហ្វឹកហាត់ជំនាញដោះស្រាយបញ្ហនាំឱ្យយើងជួបនូវវប្បធម៌ដទៃល្អ។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា សារៈសំខាន់នៃការអានសៀវភៅគឺជួយជំរុញឱ្យខួរក្បាលរបស់យើង មានការចងចាំ និងថែមទាំងពង្រីកក្តីស្រមៃ និងសុបិន្ដឆ្ពោះទៅរកការរីកចំរើននិងភាពជោគជ័យ បង្កើតនូវចំណេះដឹងចម្រុះនឹងធ្វើឱ្យយើង ក្លាយជាអ្នកសន្ទនាដែលទាក់ទាញជាងមុន ហើយអាចផ្តល់អំណាចឱ្យយើងនិយាយទៅកាន់មនុស្សកាន់តែច្រើនពីប្រវត្តិ និងបទពិសោធន៍ផ្សេងៗគ្នាពីព្រោះយើងអាចភ្ជាប់ទំនាក់ទំនងដោយផ្អែកលើព័ត៌មានដែលបានចែករំលែកពីការអាន ក្នុងការបង្កើនទំនាក់ទំនងដៃគូសន្ទនា របស់យើងប្រកបដោយភាពស្រស់បំព្រង និងយល់អំពីវប្បធម៌ ប្រវត្ដិសាស្រ្ដ សេដ្ឋកិច្ច នយោបាយ ព្រឹត្តិការណ៍សង្គម និងស្ថានភាពពិភពលោក ដែលមិនធ្លាប់ឮពីមុនមក ហើយអាចទទួលយកវិធីសាស្រ្តនៃការគិតដែលជួយកែប្រែគំនិត ឬលើកកម្ពស់អត្តសញ្ញាណរបស់យើង។

ឯកឧត្តមបានបញ្ជាក់ថា ទោះបីអ្នកជាមនុស្សចូលចិត្តអាន ឬមិនចូលចិត្តក៏ដោយ អ្នកគួរទាញយកអត្ថប្រយោជន៍ពីការអាន សម្រាប់ខួរក្បាលរបស់អ្នក។ ការអានសៀវភៅនេះគឺពិតជាមានសារ:សំខាន់ខ្លាំងណាស់ ចំពោះយុវជន សិស្ស និសិ្សត មនុស្សគ្រប់ស្រទាប់ជាន់ថ្នាក់ ត្រូវតែបណ្តុះគំនិតអានសៀវភៅ ដើម្បីស្រូបយកចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីទុកជាដើមទុន និងជាស្ពានចំលងយើង ឆ្ពោះទៅកាន់ភាពរីកចម្រើនដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ ព្រោះចំណេះដឹងគឺជាប្រទីបបំភ្លឺជីវិត៕
ដោយ ស៊ុម វណ្ណា





