សន្និសីទវិទ្យាសាស្រ្តនឹងក្លាយជាវេទិកានៃការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកទេសវេជ្ជសាស្រ្តថ្មីៗ រវាងប្រទេសកម្ពុជា និងប្រទេសបារាំង
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសង្ឃឹមថា សន្និសីទវិទ្យាសាស្រ្តនឹងក្លាយជាវេទិកា នៃការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកទេសវេជ្ជសាស្រ្តថ្មីៗ រវាងប្រទេសកម្ពុជា និងប្រទេសបារាំង ក្នុងឱកាសដែលឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងឯកឧត្តម Jaques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងសន្និសីទវិទ្យាសាស្រ្តប្រចាំឆ្នាំស្តីពី «អភិវឌ្ឍន៍ចំណេះដឹង និងជំនាញ ដើម្បីបម្រើសេវាសុខាភិបាល កាន់តែប្រសើរ» នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍មួយចំនួនដល់អង្គសន្និសីទ ដើម្បីជាកិច្ចពិភាក្សាឱ្យបានផុសផុល បង្កើតនូវគំនិតស្រាវជ្រាវ នវានុវត្តន៍ សម្រាប់ការព្យាបាល ថែទាំអ្នកជំងឺ ដោយ៖ ១) គ្រប់មូលដ្ឋានសុខាភិបាល ខិតខំពង្រឹងការលើកកម្ពស់ការអប់រំសុខភាពដល់ប្រជាជន តាមគ្រប់រូបភាព ដោយខិតខំជំរុញការចូលរួមរបស់សាធារណជន និងលើកកម្ពស់ការយល់ដឹងលើការការពារជំងឺមិនឆ្លង និងប្រព័ន្ធភាពស៊ាំនឹងឱសថប្រឆាំងមេរោគ។ ២) បន្តពង្រឹងនិយ័តកម្មឱសថឱ្យបានម៉ឺងម៉ាត់ ទាំងការផលិត ការលក់ ការចែកចាយ និងការតាមដានគុណភាព សុវត្ថិភាព និងការផ្សព្វផ្សាយ ឱសថ និងខិតខំគ្រប់មធ្យោបាយ ពង្រឹងការប្រើប្រាស់ឱសថឱ្យបានត្រឹមត្រូវ ជាពិសេសឱសថដែលតម្រូវឱ្យមានវេជ្ជបញ្ជា។ ៣) ជំរុញការសហការយ៉ាងជិតស្និទ្ធជាអន្តរវិស័យ និងអន្តរអង្គភាព ដើម្បីដោះស្រាយបញ្ហាជំងឺមិនឆ្លង និងមូលហេតុនៃការកើនឡើងនៃភាពស៊ាំនឹងឱសថប្រឆាំងមេរោគ។ ៤) ពង្រឹងយន្តការតាមដានឱ្យមានប្រសិទ្ធភាព ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចអន្តរាគមន៍នានា ដោះស្រាយបញ្ហាសុខភាពទាន់ពេលវេលាជូនប្រជាជន។ ៥) ខិតខំយកចិត្តទុកដាក់ក្នុងការថែទាំ ព្យាបាលអ្នកជំងឺទាំងអស់ ប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយសិក្សារៀនសូត្រចំណេះដឹងថ្មីៗនិងមានបច្ចុប្បន្នភាពជាប្រចាំ។ ៦) ខិតខំធ្វើការស្រាវជ្រាវ នវានុវត្តន៍លើបច្ចេកទេសព្យាបាលអ្នកជំងឺ ដោយផ្តោតលើភាពប្រឈមបច្ចុប្បន្នចំពោះមុខ។ ៧) ពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការ អន្តរជំនាញ អន្តរវិស័យ ជាមួយដៃគូ ដើម្បីគាំទ្រដល់ការព្យាបាល ថែទាំសុខភាពជូនប្រជាជនយើង។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យបានគូសបញ្ជាក់នូវចំណុចគន្លឹះសំខាន់ៗមួយចំនួនដល់សាកលវិទ្យាល័យ និងក្រុមគ្រូពេទ្យ ដើម្បីបម្រើសេវាសុខាភិបាល កាន់តែប្រសើរ៖ ១) សាកលវិទ្យាល័យត្រូវស្គាល់ពីតួនាទីសំខាន់ ដែលជាមជ្ឈមណ្ឌលកណ្តាលរបស់ក្រសួង ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដោយផ្តោតលើគុណភាព ក្រមសីលធម៌ ជាពិសេសជំនាញបច្ចេកទេស។ ២) សាកលវិទ្យាល័យ និងផ្នែកពាក់ព័ន្ធ ត្រូវវិនិយោគលើការបណ្តុះបណ្តាលបន្ត ស្ថិតក្នុងភាពចាំបាច់ ដើម្បីបង្កើនសមត្ថភាពជំនាញឯកទេសបន្តទៀត និងបង្កើនវប្បធម៌ចែករំលែក ឱ្យបានចេះ និងដឹងដូចគ្នា។ ៣) លើកកម្ពស់សមត្ថភាព ដោយចេះទទួលអ្នកជំងឺ ផ្តល់ដល់អ្នកជំងឺនូវការជឿទុកចិត្ត និងស្នាមញញឹម។ ៤) លើកទឹកចិត្តក្នុងការស្រាវជ្រាវ និងនវានុវត្តន៍ ស្របតាមបរិបទរបស់យើង ដោយត្រូវចង់ចេះ ចង់ដឹង ចង់ឆ្ងល់ និងបំពេញការងារដោយស្មារតីទទួលខុសត្រូវ និង៥) ត្រូវមានគោលគំនិតក្នុងការចែករំលែក ដើម្បីសុខភាពប្រជាពលរដ្ឋ និងផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺ ធ្វើយ៉ាងណាឱ្យប្រព័ន្ធសុខាភិបាល ដែលមានភាពរឹងមាំ សមស្របតាមតម្រូវការដែលកាន់តែមានសមត្ថភាព ប្រកបដោយគុណធម៌។

ឯកឧត្តមសាស្រ្តាចារ្យបានណែនាំ និងលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ តាមរយៈសន្និសីទនេះ នឹងផ្តល់ឱកាសក្នុងការផ្តល់ជាអត្ថប្រយោជន៍ដែលនឹង ទទួលបានការចែករំលែកបទពិសោធន៍ ទទួលបានចម្លើយពី សាស្រ្តាចារ្យជំនាញ និងត្រូវយកចំណេះដឹងនេះ ទៅរៀបចំបំពេញការងារ និងអនុវត្តឱ្យស្របតាមសភាពការ ដែលក្លាយជាស្តង់ដាមួយប្រកបដោយគុណភាព និងប្រសិទ្ធភាព។
សន្និសីទវិទ្យាសាស្រ្តមានរយៈពេល ០២ ថ្ងៃនេះនឹងចែករំលែកចំណេះដឹងវិទ្យាសាស្រ្ត និងលទ្ធផលស្រាវជ្រាវថ្មីៗ ព្រមទាំងផ្តល់ឱកាសជូនវាគ្មិន និងក្រុមគ្រូពេទ្យកម្ពុជា ប្រកបដោយសក្តានុពល ធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ លើការងារស្រាវជ្រាវ ទាក់ទងនឹងប្រធានបទចំនួន៤ សំខាន់ៗរួមមាន៖ ភាពស៊ាំនៃឱសថប្រឆាំងមេរោគ (AMR) មេរោគ papillomavirus humain (HPV) ដែលអាចបង្កជាជំងឺមហារីកមាត់ស្បូន ជំងឺមហារីកថ្លើម (Hepatocellular carcinoma) និងជំងឺទឹកនោមផ្អែម។ សន្និសីទនេះរៀបចំឡើងដោយ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សហការជាមួយបណ្ឌិត្យសភាជាតិវេជ្ជសាស្ត្របារាំង ដែលមានការអញ្ជើញចូលរួមពី ថ្នាកដឹកនាំក្រសួងសុខាភិបាល អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ មន្ទីរពេទ្យជាតិ វិទ្យាស្ថានជាតិ និងមជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែករាជធានី ខេត្ត គណៈគ្រូពេទ្យ និងសមាគមន៍គ្រូពេទ្យ អង្គការ-ក្រុមហ៊ុនអន្តរជាតិ ក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្រ្តី-បុគ្គលិក និងនិស្សិតនៃស.វ.ស និងតាមប្រព័ន្ធនិម្មិត Zoom សរុបជិត ១,០០០នាក់៕
Chann Sotheary TES, [7/2/2025 2:41 PM]
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





