ឯកឧត្តម ចាយ បូរិន ទទួលជួបពិភាក្សាការងារជាមួយព្រះតេជគុណប្រធានគណៈកម្មការបោះពុម្ព និងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហា ប្រទេសឥណ្ឌា
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ទទួលជួបពិភាក្សាការងារជាមួយ ព្រះតេជគុណបណ្ឌិត UPAGUPTA MAHATHERO (យូប៉ាហ្គូបតា ម៉ាហាថេរ៉ូ) ប្រធានគណៈកម្មការបោះពុម្ព និងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហា ប្រទេសឥណ្ឌា និងគណៈប្រតិភូ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

នាឱកាសនោះ ព្រះតេជគុណបណ្ឌិត ប្រធានគណៈកម្មការបោះពុម្ព និងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហា បានមានថេរដីកា អំពីកិច្ចការងាររបស់គណៈកម្មការបោះ ពុម្ព និងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហា ប្រទេសឥណ្ឌា លើវិស័យព្រះពុទ្ធសាសនា និងដោយឃើញនៅការរីកចម្រើនលើវិស័យសាសនាព្រះពុទ្ធគួរឱ្យកត់សម្គាល់ ពិសេសកម្ពុជាបានអភិរក្សភាសាបាលីបានយ៉ាងល្អប្រសើរ ។

ក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ជម្រាបព្រះតេជគុណថា នៅកម្ពុជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលមានប្រជាពលរដ្ឋគោរពប្រតិបត្តរហូតទៅដល់ជាង ៩៥% និងបានដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ លើគ្រប់វិស័យ តាមរយៈការអប់រំដើរទៅតាមព្រះពុទ្ធឱវាទ។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តដឹកនាំដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានយកចិត្តទុកដាក់ គោរពប្រតិបត្តិ អភិវឌ្ឍ និងអភិរក្សលើទំនៀមទំលាប់ ប្រពៃណីដ៏ល្អផូរផង់នេះ និងក៏បានផ្តល់សេរីភាពពេញលេញលើគ្រប់សាសនាទាំងអស់ដែលជ្រកក្រោមម្លប់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែត្រូវគោរពដាច់ខាតលើច្បាប់របស់ប្រទេស។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍លើកឡើងថា ទន្ទឹមនឹងការអភិវឌ្ឍ និងអភិរក្សព្រះពុទ្ធសាសនា ក្រសួងធម្មការ និងសាសនា បានរៀបចំទីតាំងប្រវត្តិសាស្រ្តសាសនាសំខាន់ៗ ដើម្បីផ្សព្វផ្សាយផ្តោតសំខាន់លើទេសចរណ៍សាសនា។ តាមរយៈនេះសូមថ្វាយបង្គំ ព្រះតេជគុណ ប្រធានគណៈកម្មការបោះ ពុម្ព និងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហា ប្រទេសឥណ្ឌា នៅការជំរុញផ្សព្វផ្សាយទេសចរណ៍សាសនា រវាងប្រទេសនិងប្រទេស ប្រជាជន និងប្រជាជននៃប្រទេសយើងទាំង២ កម្ពុជា-ឥណ្ឌាឱ្យកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។
ឯកឧត្តម ចាយ បូរិន សូមថ្វាយបង្គំប្រគេនព្រះពរដល់ព្រះតេជគុណ ប្រធានគណៈកម្មការបោះពុម្ព និងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហា ប្រទេសឥណ្ឌា និងគណៈប្រតិភូ ជួយតែព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងធម្មការ)





