ឯកឧត្តម អ៊ុ រាត្រីទទួល ជួបអ្នកសម្របសម្រួលគម្រោងមកពីប្រទេសជប៉ុនរបស់អង្គការទស្សនៈពិភពលោកពិភាក្សាអំពីការអភិវឌ្ឍគម្រោងវិស័យអប់រំថ្មី
AKPបន្ទាយមានជ័យថ្ងៃទី០២ ខែកក្កដាឆ្នាំ២០២៥
ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឱ្យលោកស្រី មីណា ឆីបា អ្នកសម្របសម្រួលគម្រោងមកពីប្រទេសជប៉ុនរបស់អង្គការទស្សនៈពិភពលោក (World Vision) ចូលជួបសម្ដែង និងពិភាក្សាអំពីការអភិវឌ្ឍគម្រោងវិស័យអប់រំថ្មីមួយ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងរៀបចំសំណើជំនួយទៅកាន់ប្រទេសជប៉ុន (MoFA Japan) ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ជាពិសេសក្នុងខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នេះ នៅសាលប្រជុំនៃសាលាខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អ៊ុ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការទស្សនៈពិភពលោក និងរដ្ឋាភិបាលជប៉ុន ដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំនៅកម្ពុជា។
ឯកឧត្តមបានគូសបញ្ជាក់ថា វិស័យអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អភិវឌ្ឍធនធានមនុស្ស និងជាកម្លាំងចលករក្នុងការជំរុញការរីកចម្រើនរបស់ខេត្ត ក៏ដូចជាប្រទេសជាតិទាំងមូល។

ឯកឧត្តមក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនក្នុងវិស័យអប់រំនៅក្នុងខេត្តបន្ទាយមានជ័យ រួមមានកង្វះខាតហេដ្ឋារចនាសម្ព័ន្ធសាលារៀន សម្ភារឧបទេស និងការបណ្តុះបណ្តាលគ្រូបង្រៀនជាដើម។
ឯកឧត្តមបានបន្តថា គម្រោងថ្មីនេះ នឹងក្លាយជាចំណែកដ៏សំខាន់មួយក្នុងការរួមចំណែកដោះស្រាយបញ្ហាទាំងនេះ និងលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ អាជ្ញាធរខេត្តត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រ និងសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីឱ្យគម្រោងនេះអាចអនុវត្តទៅបានដោយរលូន និងទទួលបានជោគជ័យ។
ជាការឆ្លើយតប លោកស្រី មីណា ឆីបា បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ឯកឧត្តមអភិបាលខេត្ត។ លោកស្រីបានលើកឡើងថាអង្គការទស្សនៈពិភពលោក មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីអភិវឌ្ឍគម្រោងអប់រំថ្មីនេះ។ យើងជឿជាក់ថា តាមរយៈការគាំទ្រពីក្រសួងការបរទេសជប៉ុន (MoFA Japan) គម្រោងនេះនឹងអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សិស្សានុសិស្ស គ្រូបង្រៀន និងសហគមន៍ទាំងមូល។

លោកស្រី មីណា ឆីបា ក៏បានពន្យល់លម្អិតអំពីចំនុចសំខាន់ៗនៃគម្រោងដែលគ្រោងនឹងដាក់សំណើ ដោយផ្តោតលើការកែលម្អគុណភាពនៃការបង្រៀន និងការរៀនសូត្រ ការផ្តល់សម្ភារអប់រំចាំបាច់ និងការកសាងសមត្ថភាពដល់បុគ្គលិកអប់រំ។ លោកស្រីបានបន្ថែមថាយើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាគម្រោងនេះឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងអាចផ្តល់នូវផលវិជ្ជមានយូរអង្វែងសម្រាប់វិស័យអប់រំនៅក្នុងខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអង្គការទស្សនៈពិភពលោក ក្នុងការជំរុញវិស័យអប់រំឱ្យកាន់តែរីកចម្រើន៕
ដោយ៖ ឈុនសារ៉ាត





