អតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាតនៅនៅក្រុងស្ទឹងសែននិងស្រុកកំពង់ស្វាយទទួលអំណោយមនុស្សធម៌ របស់សម្ដេចធិបតីហ៊ុន ម៉ាណែតនិងលោកជំទាវ
AKPកំពង់ធំថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥--
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការទឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី០១ខែកក្កដាឆ្នាំ២០២៥បានដឹកនាំសហការី នាំយកអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន ៣២ គ្រួសារ អញ្ជើញមកពីក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ដែលពិធីនេះប្រព្រឹត្តទៅនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុនសែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលសម្ដេចនិងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខ និងជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលាព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ថាកន្លងមកក្រោមការគ្រប់គ្រងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតការគ្រប់គ្រងនិងដោះស្រាយនៅរាល់បញ្ហាការលំបាកនានាជូនបងប្អូនអតីតយុទ្ធជននៅទូទាំងប្រទេសបានល្អប្រសើរ ដូចជាការដោះស្រាយផ្ទះសំបែង និងដីធ្លីជាដើម។បច្ចុប្បន្ននេះដើម្បីគ្រប់គ្រង លើកទឹកចិត្ត ជួយគាំទ្រ និងដោះស្រាយការលំបាកផ្សេងៗជូនដល់មន្ត្រីរាជការសុីវីលដែលចូលសោធននិវត្តន៍ សម្ដេចតេជោ លោកបានផ្ដួចផ្ដើមកែប្រែលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបញ្ចូលមន្ត្រីស៊ីវិលដែលចូលសោធននិវត្តន៍ជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលនឹងត្រៀមបើកមហាសន្និបាតវិសាមញ្ញនៅពេលខាងមុខនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូន ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់អតីតយុទ្ធជនទាំង៣២គ្រួសារក្នុង០១គ្រួសារៗទទួលបានអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ និងត្រីខកំប៉ុងចំនួន១យួរ។
លោកកែវ មុឹល អាយុ ៦៦ ឆ្នាំ អតីតយុទ្ឋជនពិការដោយសារសង្គ្រាម តំណាងឱ្យក្រុមគ្រួសារអតីតយុទ្ធជន សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ជួយដោះស្រាយការលំបាកជូនពួកគាត់ពិសេសនៅពេលដែលពួកគាត់មានការលំបាកខ្វះខាត និងសូមប្ដេជ្ញាចិត្តគោរពគាំទ្រសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតលុះអវសាន្តជីវិត៕
ដោយ៖ ស៊ុម វណ្ណា





