សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញមានជើងហោះហើរត្រង់ពីអារ៉ាប៊ីសាអូឌីត មកកាន់ព្រះរាជាណាចក្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥--
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចចង់ឃើញមានជើងហោះហើរត្រង់ពីអារ៉ាប៊ីសាអូឌីត មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកមួយនៃការបង្កើននូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរឱ្យមានភាពរីកចម្រើនផងដែរ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយ ដែលបានជួបឯកឧត្ដមប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ហើយសម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្ដមប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត នៅកម្ពុជានៅពេលនេះ គឺជាផ្នែកដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ឱ្យកាន់តែល្អប្រសើរ ទាំងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ក្នុងឱកាសនោះ សម្ដេចតេជោប្រធានព្រឹទ្ធសភាក៏បានសម្ដែងនូវការអរគុណចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់ កាលពីសម្ដេចបានធ្វើដំណើរបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត កាលពីជាង៦ខែមុន។ ជាមួយគ្នានេះ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសម្ដែងនូវការអរគុណយ៉ាងក្រៃលែង ចំពោះសម្ដេចតេជោ ដែលបានចំណាយពេលវេលា ឱ្យឯកឧត្ដមបានជួបពិភាក្សាការងារនៅក្នុងឱកាសនេះ។ ឯកឧត្ដមក៏បានកោតសរសើរអំពីទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ី សាអូឌីត ដែលមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្ដម ក៏ចង់ឃើញទំនាក់ទំនងរវាងទេសទាំងពីរកាន់តែមានភាពល្អប្រសើរកើនឡើងទៀត តាមរយៈនៃភាគីទាំងពីរផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទៅវិញទៅមក ដើម្បីជាការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនល្អថែមទៀត។ ទន្ទឹមនេះ ឯកឧត្ដមក៏បានបញ្ជាក់បន្ថែមពីការជំរុញទំនាក់ទំនងតាមរយៈការផ្សាភ្ជាប់ជាមួយគ្នានៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនងផងដែរ ហើយឯកឧត្ដម ក៏បានចាប់អារម្មណ៍ លើវិស័យកសិកម្ម និងទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ។
ចំពោះវិស័យទេសចរណ៍ ឯកឧត្ដមប្រធានសភាក៏បានលើកឡើងថា មកដល់ពេលនេះប្រទេសទាំងពីរមិនទាន់មានជើងហោះហើរទេ ហើយក៏មិនទាន់មានក្រុមហ៊ុនទេសចរណ៍ផងដែរ ដូច្នេះឯកឧត្ដមចង់ឱ្យភាគីទាំងពីរបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរ ទាំងវិស័យទេសចរណ៍ និងកសិកម្មនេះជាដើម។


ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការឯកភាពចំពោះការលើកឡើងរបស់ឯកឧត្ដមប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ហើយសម្ដេចក៏បានលើកឡើងអំពីសក្ដានុពលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីត គួរតែសម្លឹងធ្វើការសិក្សា និងវិនិយោគក្នុងវិស័យសំខាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺវិស័យកសិកម្មតែម្ដង។ សម្ដេចតេជោបញ្ជាក់ថា វិស័យកសិកម្មក្នុងព្រះរាជាណាចក្រកម្ពុជា នៅមានសក្ដានុពលច្រើនណាស់ ដែលត្រូវការការវិនិយោគពីក្រៅប្រទេសបន្ថែមទៀត ហើយប្រសិនបើអ្នកវិនិយោគអារ៉ាប៊ីសាអូឌីតចាប់អារម្មណ៍ គួរតែពិនិត្យមើលទៅលើការវិនិយោគ ទៅលើវិស័យកសិ-ឧស្សាហកម្ម ហើយចំណុចសំខាន់មួយទៀត គឺការកែច្នៃនៅផលិតផលកសិកម្មកម្ពុជាទៅលក់នៅក្រៅប្រទេសបន្ថែម។សម្ដេចតេជោបានបញ្ជាក់ទៀតថា កម្ពុជាមានសមត្ថភាពផលិតនូវផលិតផលដែលជាវត្ថុធាតុដើមកសិកម្មបានច្រើន ក៏ប៉ុន្តែកម្ពុជានៅមានការកង្វះខាតមួយ គឺការកែច្នៃផលិតផលរបស់ខ្លួន ដើម្បីទៅលក់នៅក្រៅប្រទេស។ សម្ដេចតេជោ ក៏បានលើកឡើងអំពីអង្កររបស់កម្ពុជាដែលទទួលបាននៅទីផ្សារអន្តរជាតិជាច្រើន ដោយទទួលស្គាល់ថាមិនមាននៅជាតិគីមី។ ចំពោះវិស័យទេសចរណ៍ សម្ដេចតេជោបានរំលេចដែរថា សម្ដេចចង់ឃើញមានជើងហោះហើរត្រង់ពីអារ៉ាប៊ីសាអូឌីត មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកមួយនៃការបង្កើននូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរឱ្យមានភាពរីកចម្រើនផងដែរ។
ក្នុងជំនួបនោះ សម្ដេចតេជោប្រធានព្រឹទ្ធសភាក៏បានចែករំលែកនៅស្ថានភាពព្រំដែនកម្ពុជា និងថៃ ដែលកំពុងកើតមាន ដល់ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ឱ្យបានយល់អំពីស្ថានភាពពិតប្រាកដរវាងប្រទេសទាំងពីរផងដែរ៕
ដោយ៖ ជឹម ណារី





