ឯកអគ្គរដ្ឋទូតទីម័រឡេស្ដេ អរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡេស្តឱ្យក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលាខាងមុខ
AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលបញ្ចប់អាណត្តិការទូតនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការអរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលាខាងមុខ ដោយឯកឧត្តមបានលើកឡើងថា ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីសម្ដេចតេជោទេ ទីម័រឡេស្តេមិនអាចក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងខែតុលា ឆ្នាំ២០២៥ខាងមុខនេះទេ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្តេចតេជោបានសម្ដែងនៅក្តីរីករាយ ដែលបានជួបឯកឧត្តមសារជាថ្មី តែក៏សោកស្ដាយដែលឯកឧត្តមបានបញ្ចប់អាណត្តិនៅកម្ពុជា។ សម្ដេចតេជោបានលើកឡើងថា ក្នុងរយៈពេលដែលឯកឧត្តមបានបំពេញបេសកកម្មការងារនៅកម្ពុជា បានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា ហើយបានធ្វើការងារជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយនិយាយដោយឡែកជាមួយសម្ដេច ដែលឯកឧត្តមបានបំពេញការងារដើម្បីពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងទីម័ឡេស្តឱ្យកាន់តែល្អប្រសើរ ហើយសម្ដេចបានចាត់ទុកឯកឧត្តមថា ជាឯកអគ្គរដ្ឋទូតមួយដែលបានរឹតចំណងមិត្តភាពរវាងកម្ពុជានិងទីម័រឡេស្តេ។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រឡេស្តេបានអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តមបានជួបជម្រាបលានាឱកាសនេះ ដោយឯកឧត្តមបានបង្ហាញនូវក្តីនឹករលឹក ជាពិសេសអនុស្សាវរីយ៍ជាច្រើនដែលឯកឧត្តមបានធ្វើកិច្ចការងារ និងរស់នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលជាង៥ឆ្នាំមកនេះ ដែលមានអនុស្សាវរីយ៍ និងដិតជាប់ជាមួយនឹងប្រទេសកម្ពុជា។ ឯកឧត្តមស្រឡាញ់ប្រទេសកម្ពុជា និងចាត់ទុកប្រទេសកម្ពុជាប្រៀបបានដូចប្រទេសទី២របស់ឯកឧត្តម ហើយថ្វីត្បិតតែពេលនេះឯកឧត្តមបានចប់អាណត្តិនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបេះដូងរបស់ឯកឧត្តមនៅជាប់ជាមួយនឹងប្រជាជនកម្ពុជាជាប់ជាមួយថ្នាក់ដឹកនាំកម្ពុជា។

ជាមួយគ្នានោះឯកឧត្តមក៏បានអរគុណសម្ដេចតេជោ ដែលបានជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡេស្តេឱ្យក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលាខាងមុខ ដែលឯកឧត្តមបានគូសបញ្ជាក់ថា ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីសម្ដេចតេជោទេ ទីម័រឡេស្តេមិនអាចក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងខែតុលាខាងមុខនេះទេ។ ដូច្នេះ នេះគឺជាគុណរបស់សម្ដេចតេជោដែលបានចូលរួមចំណែកដល់ទីម័រឡេស្តេ ហើយឈ្មោះសម្ដេចតេជោ នឹងស្ថិតនៅជាប់ នឹងប្រជាជនទីម័រឡេស្តេគ្រប់កាលៈទេសៈ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការពេញចិត្តចំពោះកិច្ចការងារដែលបានធ្វើមួយចំនួនជាមួយឯកឧត្តមឯកគ្គរដ្ឋទូតទីម័រឡេស្តេ ហើយក៏បានផ្ដាំសួរសុខទុក្ខដល់ចំពោះឯកឧត្តម Gusmão ដែលជានាយករដ្ឋមន្ត្រី និងឯកឧត្តម José Ramos-Horta ដែលជាប្រធានាធិបតីទីម័រឡេស្តេ ហើយសម្ដេចតេជោក៏រម្លឹកអំពីដំណើរទស្សនកិច្ច របស់សម្ដេចទៅកាន់ទីម័រឡេស្តេកាលពីពេលកន្លងទៅ ដែលទទួលបាននូវភាពជោគជ័យ ហើយទទួលបាននូវការស្វាគមន៍យ៉ាងរាក់ទាក់ ដែលមានឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេជាអ្នកបើកឡានជូនដំណើរសម្ដេច និងនាយករដ្ឋមន្ត្រីនៅអមពីក្រោយ ដែលនេះជាប្រវត្តិសាស្ត្រមួយដែលបានកើតឡើង នៃទំនាក់ទំនងរវាងកម្ពុជានិង ទីម័រឡេស្តេ។ សម្ដេចតេជោក៏បានរំលេចផងដែរ ក្នុងជីវិតរបស់សម្ដេចតេជោក្នុងកិច្ចការអន្តរជាតិនេះ សម្ដេចមានមោទនភាពណាស់ដែលអាចជួយទីម័រឡេស្តេឱ្យចូលជាសមាជិកអង្កេតការណ៍ក្នុងឆ្នាំ២០២២ និង ទីម័រឡេស្តេអាចចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅខែតុលាឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់ពីសម្ដេចបានដឹកដៃឥណ្ឌា ឱ្យក្លាយទៅជាដៃគូរបស់អាស៊ាន នៅឆ្នាំ២០០២ កន្លងទៅ ក៏ជាស្នាដៃរបស់សម្ដេចបានធ្វើដែរ។
នាឱកាសនោះសម្ដេចតេជោបានពន្យល់ ឯកឧត្តមអគ្គរដ្ឋទូតទីម័រឡេស្ត អំពីស្ថានភាពព្រំដែននៅកម្ពុជា គឺបញ្ហាជម្លោះកម្ពុជា-ថៃ ដោយសម្ដេចបានបញ្ជាក់ពីការចាប់ផ្ដើមដោយទាហានថៃបាញ់សម្លាប់ទាហានកម្ពុជាកាលពីថ្ងៃទី ២៨ ខែឧសភា និងការបិទព្រំដែនជាឯកតោភាគី។ សម្ដេចតេជោប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា កម្ពុជាទាំងសម្ដេចធិបតី និងសម្ដេចផ្ទាល់ គឺមិនចង់មានបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ គឺយើងចង់ដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើច្បាប់អន្តរជាតិ ប៉ុន្តែប្រសិនបើនៅតែបំពាន និងឈ្លានពានកម្ពុជាគឺយើងត្រូវប្រើសិទ្ធិការពារ និងវាយបកត្រឡប់ទៅវិញ។
ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានពន្យល់អំពីបញ្ហាព្រំដែន និងគោលបំណងនៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់កម្ពុជា ឯកឧត្តមក៏បានកោតសរសើរចំពោះសម្ដេចតេជោ ក្នុងការដោះស្រាយបញ្ហាសំខាន់ៗជាច្រើនរបស់កម្ពុជា ដែលជាអ្នកយុទ្ធសាស្ត្រដ៏អស្ចារ្យមួយ ដែលឯកឧត្តមបានរៀនសូត្រ និងគោរពជាទីបំផុតដែលសម្ដេចបានធ្វើកន្លងមក។
ឯកឧត្តមឯកអគ្គរដ្ឋទូតសង្ឃឹមថា ខាងមុខទៀត ទីម័រឡេស្តេ នឹងយកកម្ពុជាជាគំរូក្នុងការដោះស្រាយបញ្ហាក៏ដូចជាការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពល្អប្រសើរបន្ថែមទៀត៕
ដោយ៖ ជឹម ណារី





