មន្រ្តីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអំពាវនាវឱ្យរួមគ្នាកាត់ផ្ដាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅសហគមន៍
AKP សៀមរាប ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ -- ក្នុងពិធីប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាបង្ការទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន យុវនារី ប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ដើម្បីធ្វើជាភ្នែក ច្រមុះ និងត្រចៀករបស់សមត្ថកិច្ចយើង ក្នុងការរាយការណ៍ ដើម្បីយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍ដែលយើងរស់នៅ។

ឯកឧត្តម នាយឧត្ដមសេនីយ៍បានណែនាំដល់គ្រប់អង្គភាពអនុវត្តច្បាប់ទាំងអស់សូមឈរលើស្មារតី «៣ កុំ ១ រាយការណ៍» គឺ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ ដោយត្រូវមានភាពម៉ឺងម៉ាត់ច្បាស់លាស់ និងប្រើប្រាស់វិធានក្តៅគគុកដោយគ្មានការលើកលែង ក្នុងការបង្ក្រាបបទឧក្រិដ្ឋនៃគ្រឿងញៀន បង្ក្រាបឱ្យបានដល់មេក្លោងចែកចាយ ដើម្បីកាត់ផ្តាច់ចរន្តទីផ្សារ ឈានទៅលុបបំបាត់ឱ្យបាននូវឫសគល់នៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍ ។

លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានក្រើនរំលឹកដល់យុវជន យុវនារីទាំងអស់ សូមកុំចង់សាកល្បងគ្រឿងញៀន និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំជឿតាមការញុះញង់បោកបញ្ឆោតរបស់នរណាម្នាក់។

បើយោងតាមរបាយណ៍សង្ខេបរបស់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលស្តីពីលទ្ធផលនៃការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល៥ខែដើម ឆ្នាំ២០២៥ ក្រោមកិច្ចសហប្រតិបត្តិការរបស់ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាល ដោយក្នុងនោះសម្រេចបានលទ្ធផលគឺ៖ ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបលទ្ធផលរួម២២៣ករណី ឃាត់ខ្លួន១,០៨៨នាក់ ស្រី៨២នាក់ គ្រឿងញៀនសរុប១៧,៨៦៣.៦៧ក្រាម ប្រភេទរុក្ខជាតិកញ្ឆា (កញ្ឆាក្រៀម បារីកញ្ឆា កញ្ឆាគ្រាប់) សរុបទម្ងន់៣១,៧៧៣.៦៨ក្រាម ដូចជា៖ ករណីជួញដូរ និងរក្សាទុក១២២ករណី ឃាត់ខ្លួន៣២៣នាក់ ស្រី៣៣នាក់ ករណីប្រើប្រាស់៨០ករណី ឃាត់ខ្លួន៧៥១នាក់ ស្រី៤៤នាក់ និង អនុវត្តដីកាចំនួ២១ករណី ឃាត់ខ្លួន១១នាក់។ មជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនខេត្តសៀមរាបបានទទួលអ្នកញៀនគ្រឿងញៀនចំនួន៨៣៦នាក់ ស្រី៦៤នាក់ផងដែរ៕

ដោយ ឃុត សៅ





