អភិបាលស្រុកស្ទោងណែនាំដល់មេឃុំថ្មីត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងសាមគ្គីភាពផ្ទៃក្នុងខ្ពស់
AKP កំពង់ធំ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ -- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់លោកមេឃុំថ្មីត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទួលខុសត្រូវ និងសាមគ្គីភាពផ្ទៃក្នុងខ្ពស់។ លោកអភិបាលស្រុកស្ទោងបានមានប្រសាសន៍ណែនាំដូច្នេះនៅក្នុងពិធីប្រកាសទទួលស្គាល់ប្រធានក្រុមប្រឹក្សាឃុំបន្ទាយស្ទោងថ្មី នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា ក្នុងនាមជាមេឃុំថ្មី ត្រូវតែមានទំនួលខុសត្រូវខ្ពស់សព្វបែបយ៉ាងមិនថាកិច្ចការតូចធំ ឬស្រាលធ្ងន់ត្រូវរែកពន់ទាំងអស់ដើម្បីប្រយោជន៍រួមរបស់រដ្ឋបាលឃុំ ជាពិសេសបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនៅក្នុងឃុំបន្ទាយស្ទោង ក៏ដូចជាការចូលរួមចំណែកយ៉ាងធំធេងជារាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។ ក្នុងនាមយើងជាអ្នកបន្តវេនត្រូវបន្តវប្បធម៌ដ៏ផូរផង់ និងថែរក្សាការពារសមិទ្ធផលដ៏ត្រចះត្រចង់របស់លោកមេឃុំចាស់ដែលបានបន្សល់ទុក ហើយត្រូវសិក្សារៀនសូត្រនូវបទពិសោធន៍ល្អៗរបស់គាត់ ដែលមួយជីវិតរបស់លោក សូត អ៊ុល បានលះបង់សព្វបែបយ៉ាង ដើម្បីប្រជាពលរដ្ឋនៅក្នុងឃុំបន្ទាយស្ទោង និងបានចំណាយពេលវេលាមួយជីវិតរបស់លោកធ្វើជាមេឃុំបន្ទាយស្ទោង អស់រយៈកាលជាង៤០ឆ្នាំ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំបន្ថែមដល់អាជ្ញាធរភូមិ ឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រធានមណ្ឌលសុខភាព ត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព ជាពិសេសគឺការផ្ដល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព ឆាប់រហ័ស និងជឿជាក់បំផុតពីប្រជាពលរដ្ឋ ជាពិសេសប្រធានមណ្ឌលសុខភាព ក៏ដូចជាមន្ទីរពេទ្យបង្អែកស្ទោង ត្រូវយកចិត្តទុកដាក់ថែមទៀតដល់សុខទុក្ខសុខុមាលភាពប្រជាពលករដែលទើបធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃមកក្នុងមូលដ្ឋាន។ ត្រូវខិតខំយកចិត្តទុកដាក់ផ្ដល់សេវានិងព្យាបាលជូនពួកគាត់ដោយឥតគិតថ្លៃទោះគាត់គ្មានបណ្ណសមធម៌ក៏ដោយ។

សូមបញ្ជាក់ថា លោក ទិញ វឿន ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមប្រឹក្សាឃុំបន្ទាយស្ទោង ជំនួសលោក សូត អ៊ុល ដែលបានទទួលមរណភាព ហើយលោកស្រីចិន្តា សារ៉ាង ត្រូវបានប្រកាសជាសមាជិកក្រុមប្រឹក្សាឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ជំនួសលោកទិញ វឿន ដែលបានប្រកាសតែងតាំងជាប្រធានក្រុមប្រឹក្សាឃុំថ្មី៕


ដោយ ស៊ុម វណ្ណា





