ឯកឧត្តម ជា វ៉ាន់ដេត អនុញ្ញាតឱ្យតំណាង UNDP ចូលជួបសម្តែងការគួរសម
AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកស្រី Ms. Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិប្រចាំកម្ពុជា (UNDP Resident Representative) ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកស្រីបានបញ្ចប់បេសកកម្មនៅកម្ពុជា នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនលោកស្រី Ms. Alissar អំពីវឌ្ឍនភាពការងាររបស់ក្រសួង ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថល គម្រោងបង្កើតសួនឌីជីថល ការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាពិសេស verify.gov.kh និងSupperApp។

ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរខ្ពស់ចំពោះបេសកកម្មរបស់លោកស្រី Ms. Alissar លើកិច្ចសហប្រតិបត្តិការកន្លងមករវាងក្រសួង និងUNDP ព្រមទាំងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយតំណាងបេសកកម្មថ្មីដែលនឹងមកដល់នាពេលខាងមុខ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណណីយ៍)





