៣ថ្ងៃចុងខែមិថុនា ពលរដ្ឋខ្មែរឆ្លងពីទឹកដីថៃចូលកម្ពុជាតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបងជិត៤ពាន់នាក់
AKP បាត់ដំបង ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ -- អាជ្ញាធរខេត្តបាត់ដំបងឱ្យដឹងថារយៈពេល៣ ថ្ងៃចុងខែមិថុនា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរសម្រុកឆ្លងចូលទឹកដីកម្ពុជាតាមច្រកព្រំដែនខេត្តបាត់ដំបងមានចំនួន ៣.៨១២ នាក់ ក្នុងនោះស្រ្តី ១.៧០៨ នាក់ និងកុមារចំនួន១២៤នាក់។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ឱ្យដឹងនាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ថា ក្នុងចំនួនប្រជាពលរដ្ឋខ្មែរត្រឡប់ចូលប្រទេសវិញតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបងជិត៤ពាន់នាក់ខាងលើនេះ មានពលករខ្មែរចំនួន ២.៦១៨ នាក់ ក្នុងនោះស្រ្តី ១.១៨៤ នាក់។

យោងតាមរបាយការណ៍បញ្ជាក់លម្អិត នៅថ្ងៃទី២៧ ខែមិថុនា មានប្រជាពលរដ្ឋឆ្លងចូលកម្ពុជា១.៣៤៤នាក់ ស្រី៦១១នាក់ កុមារ៤១នាក់ ក្នុងនោះពលករចំនួន៧៨៣នាក់ ស្រី៣៦៣នាក់។ ថ្ងៃទី២៨ ខែមិថុនា ចំនួនប្រជាពលរដ្ឋត្រឡប់ចូលប្រទេស១.៣០១នាក់ ស្រី៥៥៣នាក់ កុមារ៥០នាក់ ក្នុងនោះពលករចំនួន៨៥៥នាក់ ស្រី៣៦៦នាក់ និងថ្ងៃទី២៩មានប្រជាពលរដ្ឋឆ្លងចូលកម្ពុជាតាមច្រកព្រំដែនខេត្តបាត់ដំបងចំនួន ១.១៦៧នាក់ ស្រី៥៤៤នាក់ កុមារ៣៣នាក់ ក្នុងនោះពលករចំនួន៩៨០នាក់ ស្រី៤៥៥នាក់។ ចំណែកឯថ្ងៃទី៣០ ខែមិថុនា មិនទាន់មានរបាយការណ៍នៅឡើយប៉ុន្តែបើតាមការប៉ានស្មានមិនតិចជាង១៤០០នាក់ឡើយ។

ខេត្តបាត់ដំបងមានច្រកទ្វារព្រំដែនឈមជាមួយប្រទេសថៃចំនួន៥ ក្នុងនោះមានច្រកទ្វារអន្តរជាតិពីរ និងច្រកតំបន់៣ រួមមាន ច្រកទ្វារអន្តរជាតិដូង ច្រកទ្វារអន្តរជាតិភ្នំដី និងច្រកទ្វារតំបន់អូរអន្លក់ ច្រកទ្វារតំបន់អូររំដួល និងច្រកទ្វារតំបន់៤០០។

អ្នកនាំពាក្យរដ្ឋបាលខេត្តខាងលើបានបញ្ជាក់ថា ស្របពេលដែលពលករខ្មែរ សម្រុក ត្រឡប់វិលចូលប្រទេសវិញ រដ្ឋបាលខេត្តបាត់ដំបងបានសហការជាមួយបណ្តាខេត្តមួយចំនួនជួយដឹកជញ្ជូនពលករកម្ពុជាវិលត្រឡប់តាមច្រកព្រំដែនអន្តរជាតិដូងទៅតាមក្រុង ស្រុកក្នុងខេត្តនិងបណ្តាខេត្តផ្សេងៗមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង តាកែវ ពោធិ៍សាត់ សៀមរាបជាដើម ដោយប្រើរថយន្តជាច្រើនគ្រឿងដើម្បីសម្រួលដល់ការធ្វើ ដំណើររបស់ពលករវិល ត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន។
ជាមួយគ្នានោះដែរ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកដែលប្រចាំការ នៅច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរជាប្រចាំផងដែរ៕
ដោយ សុផល





