ប្រជាពលរដ្ឋងាយរងគ្រោះ២០គ្រួសារទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងកំពត
AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ -- លោក លាង រឿនសុធី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុងកំពត និងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះចំនួន២០គ្រួសារ ស្ថិតក្នុងសង្កាត់ត្រើយកោះ និងចូលរួមរំលែកទុក្ខជាគ្រួសារសព១គ្រួសារ ស្ថិតនៅក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត នាល្ងាចថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខាបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សូមជម្រាបជូនថា អំណោយផ្តល់ជូនគ្រួសារងាយរងគ្រោះចំនួន២០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី៤ដប ទឹកស៊ីអ៊ីវ១យួរ មី១កេស ត្រី ១០កំប៉ុង ទឹកផ្លែឈើ៥ដប និងថវិកាមួយចំនួន។ ចំណែកគ្រួសារសពទទួលបាន អង្ករ៥០គីឡូក្រាម និងថវិកា១០ម៉ឺនរៀល៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





