គ.ជ.ប. ប្រារព្ធពិធីក្រុងពាលី ចម្រើនព្រះបរិត្ត និងប្រោះព្រំប្រសិទ្ធពរជ័យ អគារទីស្តីការថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ -- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានរៀបចំពិធីក្រុងពាលី ចម្រើនព្រះបរិត្ត និងប្រោះព្រំប្រសិទ្ធពរជ័យ អគារទីស្តីការថ្មី ដែលមានទីតាំងស្ថិតនៅដីឡូតិ៍លេខ១១៣ មហាវិថីសម្តេចសុធារស ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និង លោកជំទាវ។

គួរបញ្ជាក់ដែរថា សំណង់អគារថ្មីនៃទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺជាសក្ខីកម្មដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំកំពូល នៃស្ថាប័នជាតិដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជាធរមាន។ សំណង់អគារនេះមានទីតាំងស្ថិតនៅដីឡូតិ៍លេខ១១៣ មហាវិថីសម្តេចសុធារសភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងមានរាងបួនជ្រុងទ្រវែង មានបណ្តោយ ៩១,១៥ម៉ែត្រ ទទឹង ៤៣,២០ម៉ែត្រ កម្ពស់ ៥០,៦៤ម៉ែត្រ មាន ៩ជាន់ និង ក្រឡាផ្ទៃសរុប ៣២ ០០០ ម៉ែត្រការ៉េ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។ អគារថ្មីនេះ មានមុខងារប្រើប្រាស់ជាការិយាល័យធ្វើការរបស់ថ្នាក់ដឹកនាំ គ.ជ.ប ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីអគ្គលេខាធិការដ្ឋាន គ.ជ.ប ដែលបច្ចុប្បន្នមានអគ្គនាយកដ្ឋានចំនួន ៣ នាយកដ្ឋាន និងអង្គភាពជំនាញចំនួន ១០ លេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ចំនួន ១ និងមាន សមត្ថភាពអាចផ្ទុកមនុស្សសរុបបានប្រមាណចំនួន ២ ៧០០នាក់៕



ដោយ៖ ជឹម ណារី





