ឯកឧត្តម ហ៊ែល តូនី ចូលរួមកិច្ចពិភាក្សាអំពីសន្តិសុខទឹក និងភាពធន់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅសិង្ហបុរី
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្តម ហ៊ែល តូនី អនុប្រធានអចិន្ត្រៃយ៍អាជ្ញាធរទន្លេសាប កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានចូលរួមកិច្ចពិភាក្សានៅប្រទេសសិង្ហបុរី ស្តីពីសន្តិសុខទឹក និងភាពធន់ក្នុងវិស័យធនធានទឹក ជាមួយនឹងធនាគារពិភពលោក (World Bank) មជ្ឈមណ្ឌលទឹកនៃសិង្ហបុរី (Singapore Water Centers) និងតំណាងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងឱកាសនេះដែរ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍អាជ្ញាធរទន្លេសាបក៏បានចូលរួមគំនិត និងលើកឡើងពីបញ្ហា និងយុទ្ធសាស្រ្តពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខទឹក និងភាពធន់សម្រាប់ប្រទេសកម្ពុជា ដោយរាជរដ្ឋាភិបាលបានចាត់ទុកជាបញ្ហាអាទិភាព និងបានកំណត់នៅក្នុងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្សារភ្ជាប់បញ្ហាប្រឈមពាក់ព័ន្ធទៅនឹងសន្តិសុខទឹកក្នុងអាងទន្លេសាប និងតម្រូវការគាំទ្រជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីធនាគារពិភពលោក និងមជ្ឍមណ្ឌលទឹកនៃសិង្ហបុរីផងដែរ។
សូមជម្រាបជូនថា កិច្ចពិភាក្សាផ្តោតសំខាន់លើការចែករំលែកអំពីបទពិសោធន៍ និងកត្តាប្រឈមនានាពាក់ព័ន្ធនឹងសន្តិសុខទឹក តម្រូវការគាំទ្រជំនួយបច្ចេកទេសលើការគ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈម និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការក្នុងការធានាសន្តិសុខទឹក៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





