លោកស្រី ប៉ាង ដានី៖ ក្នុងភាពជាអ្នកដឹកនាំ ត្រូវមានសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយ
AKP កំពង់ចាម ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥--
លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្នុងភាពជាអ្នកដឹកនាំមិនត្រឹមតែចេះបញ្ជា និងគ្រប់គ្រងប៉ុណ្ណោះទេ គឺត្រូវមានសមត្ថភាព និងមានចក្ខុវិស័យវែងឆ្ងាយសម្រាប់ការដឹកនាំដោយចេះការបង្កើតឱ្យមានការសាមគ្គីភាព ចេះបំផុសគំនិតឱ្យអ្នកដទៃ ចេះធ្វើការសម្រេចចិត្តប្រកបដោយទំនួលខុសត្រូវ ចេះជំរុញពួកគេឱ្យមានឆន្ទៈ និងការប្តេជ្ញាចិត្ត ក្នុងការបំពេញការងារ ដើម្បីសម្រេចបាននូវគោលដៅរួមរបស់អង្គភាព និងសម្រាប់សង្គមជាតិ ទាំងមូល។ លោកស្រីអភិបាលរងបានថ្លែងដូចនេះក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងភាពអង់អាចដល់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងការនិយាយជាសាធារណៈ នៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

លោកស្រីអភិបាលរងខេត្តបាបបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺមនុស្ស មានចែងក្នុងមុំទី១ និងមុំទី២ នៃស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ឆ្លើយតបទៅនឹងអាទិភាពដែលមានចែងក្នុងមុំទី១ និងមុំទី២នៃស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ គឺសំដៅដល់ការពង្រឹង និងការកែទម្រង់ស្ថាប័ន តាមរយៈការ ពង្រឹងសមត្ថភាពនៃភាពជាអ្នកដឹកនាំ និងការរៀបចំបណ្តាញអ្នកដឹកនាំ ព្រមទាំងការលើក កម្ពស់ សមត្ថភាពធនធានមនុស្សប្រកបដោយភាពជំនាញ ឆន្ទៈ ម្ចាស់ការ និងក្រមសីលធម៌ វិជ្ជាជីវៈស្របតាមតួនាទី និងការទទួលខុសត្រូវផងដែរ។

លោកស្រីបានបន្ថែមថា វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងភាពអង់អាចដល់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងការនិយាយជាសាធារណៈ មានសារសំខាន់ណាស់ដើម្បីបន្ថែម និងបំប៉នចំណេះដឹង និងការអភិវឌ្ឍជំនាញក្នុងការគ្រប់គ្រងធនធានមនុស្ស បង្កើនភាពអង់អាចក្លាហានក្នុងការនិយាយជាសាធារណៈឱ្យកាន់ តែមានប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់មន្ត្រីរាជការនៅមូលដ្ឋានថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាព និងបណ្តាក្រុង ស្រុក សង្កាត់ ឃុំ៕

ដោយ ឆាយ ម៉ុត





