សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានៅតែរក្សាជំហរជាក្នុងការដាក់តំបន់ចំនួន៤ដែលមានជម្លោះជាមួយថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ទោះបីភាគីភាគីថៃបដិសេធក៏ដោយ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥--
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់សាជាថ្មីថា ជំហររបស់កម្ពុជានៅតែរក្សាដដែលក្នុងការដាក់ពាក្យបណ្ដឹងបញ្ហាជម្លោះនៅតំបន់ចំនួន៤ជាមួយថៃទៅកាន់តុលាការយុត្តិធម៌អន្តជាតិ(ICJ) ដោយគ្មានការប្រែប្រួលនោះទេ ទោះបីភាគីថៃបដិសធក៏ដោយ។
ការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបែបនវ ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជារក្សាជំហររយកបញ្ហាតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីប្តឹងតុលាការយុត្តិធម៌អន្តរជាតិ ដោយមិនមានការដកថយចំពោះកិច្ចការងារនោះទេ។ សម្តេចបវរធិបតីបានបញ្ជាក់បន្ថែមថា៖ «កម្ពុជាយើងមិនបានត្រឹមតែនិយាយនោះទេគឺត្រឹមតែពីរសប្តាហ៍គត់យើងបានប្រកាសជាផ្លូវការ ក្រោយមកយើងប្រកាសជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិតែម្តង។ បានន័យថាកម្ពុជាយើងមិនដកថយពីការប្រើយន្តការតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយបញ្ហាទាំង៤នេះ សូមជម្រាបឱ្យច្បាស់ហើយជាគោលការណ៍របស់យើង»។ សម្តេចបវរធិបតីបានពន្យល់ថា ការដាក់បណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ រយៈពេលពីរសប្តាហ៍គឺលឿនហើយ ប៉ុន្តែចាំបាច់អ្វីដែលយើងធ្វើគឺចំថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ចំខួបថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ ហើយក៏ជាប្រថ្នូរល្អរបស់កម្ពុជាដែលឈ្នះក្តីពីថៃក្នុងសំណុំរឿ ងប្រាសាទព្រះវិហារ។


សម្តេចបវរធិបតីនាយករដ្ឋមន្រ្ដីបានលើកឡើងថា ទោះបីជាថៃបដិសេធន៍មិនទៅតុលាការយុត្តិធម៌អន្តរជាតិ ជា រឿងរបស់ភាគីថៃ ចំណែកកម្ពុជា គឺនៅពេលស៊ីញ៉េហើយគឺមន្ត្រីយើងបានជិះយន្តហោះយកឯកសារទៅតែម្តង។ ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានអះអាងថា កម្ពុជាមិនដកថយទេ ពីការប្រើប្រាស់យន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ សម្តេចបវរធិបតីឱ្យដឹងទៀតថា៖ «រាជរដ្ឋាភិបាលនឹងបន្តធ្វើកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ»៕
ដោយ៖ ប៊ុនរិទ្ធ





