រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីក្រុងពលីសុំសេចក្ដីសុខ សេចក្ដីចម្រើន មុនពិធីព្យុហយាត្រាសហភាពសហពន្ធ័យុវជនកម្ពុជាថ្ងៃ១៨ មិថុនា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ -- រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីក្រុងពលី សុំម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាទីតាំងទឹកដីប្រារព្ធពិធីឱ្យប្រព្រឹត្តទៅបានសុខសប្បាយ និងជោគជ័យ តាមបែបសាសនា ក្រោមអធិបតីភាព ឯកឧត្ដម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាតំណាង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។

ពិធីនេះបែបសាសនានេះធ្វើឡើងនៅរសៀលថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ ដើម្បីឱ្យដំណើការព្យុះហយាត្រាសាមគ្គីភាព (Solidarity Mach) ដែលរៀបចំឡើងដោយសហភាពសហពន្ធ័យុវជនកម្ពុជាសហការជាមួយសាលារាជធានីភ្នំពេញ នឹងរៀបចំឱ្យមានកម្មវិធីព្យុះហយាត្រាសាមគ្គីភាពដែលនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៨ស្អែកនេះ គ្រោងចេញដំណើរដោយថ្មើរជើងពីមុខសាលពិព័រណ៍សន្និបាតកោះពេជ្រឆ្ពោះទៅវិមានឯករាជ្យ ដែលនឹងមានមហាជនចូលរួមរាប់ម៉ឺននាក់ ប្រព្រឹត្ដទៅដោយរលូន។

សូមជម្រាបជូនថា កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ក្នុងកិច្ចប្រជុំបង្ហាញពីខ្លឹមសារនៃគម្រោងព្យុះហយាត្រាសាមគ្គីភាពខាងលើនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋរដ្នមន្ត្រីបានគូសបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងមានអត្ថន័យដ៏ជ្រាលជ្រៅនៃខឿនការពារជាតិប្រជាជន។ គោលបំណងសំខាន់នៃពិធីព្យុហយាត្រាគឺចង់បង្ហាញការគាំទ្រសុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់ និងបទដ្ឋានគតិយុត្តិ (កម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយ សូម្បីតែមួយមីលីម៉ែត្រប៉ុន្តែកម្ពុជាមិនឱ្យនរណាយកដីរបស់ខ្លួនសូម្បីតែមួយមីលីម៉ែត្រដែរ។ បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ការពារជាតិប្រជាជន។ បង្ហាញការគាំទ្រក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំឯកសារដើម្បីដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតីត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។ស្មារតីរបស់យើង សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្តសម្រាប់រាជរដ្ឋាភិបាល និងកងកំលាំងប្រដាប់អាវុធរបស់យើងនាពេលនេះ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋរដ្នមន្ត្រី,ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងពត៏មាន,ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សុទ្ធតែបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍ព្យុហយាត្រាថ្ងៃទី១៨ ខែមិថុនា ធានាបានសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ឱ្យបាន១០០%៕

ដោយ សួស សំរិត





