ឯកសារការវិនិច្ឆ័យដីធ្លីជាលក្ខណៈប្រព័ន្ធរបស់ប្រជាពលរដ្ឋចំនួន៣ភូមិ ក្នុងស្រុកល្វាឯម ត្រូវបានបិទផ្សាយជាសាធារណៈ
AKP កណ្ដាល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ -- លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការបិទផ្សាយជាសាធារណៈឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺមានសារៈសំខាន់ណាស់ ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន។ ការលើកឡើងបែបនេះរបស់លោកអភិបាលរងខេត្តកណ្តាល បានធ្វើឡើងក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន០៣ភូមិ គឺភូមិសំបួរ ភូមិព្រែកចារ និងភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ដែលមានចំនួន ៤ ៧០៣ក្បាលដី នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តសំបួរ។

លោកអភិបាលរងខេត្តកណ្តាល បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋទៀតថា ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល ១៥ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី១៧ ខែមិថុនា រហូតដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ក្រោយការបិទផ្សាយនេះទៅ ហេតុនេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវតែប្រញាប់ប្រញាល់ទៅពិនិត្យមើលឱ្យបានគ្រប់គ្នា។ អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែល មានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់ កាន់កាប់ ជាឯកសារសម្អាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។

លោកអភិបាលរងខេត្តក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាន និងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ មន្ត្រីជំនាញ អាជ្ញាធរគ្រប់ជាន់ថ្នាក់រួម និងប្រជាពលរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ចូលរួមសហការឱ្យបានល្អថែមទៀត ដើម្បីជំរុញឱ្យការអនុវត្តនី តិវិធីនៃការចុះបញ្ជីដីធ្លីនេះប្រព្រឹត្តទៅដោយភាពរលូន និងជោគជ័យ។

លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ គឺធ្វើតាមដំណាក់កាល គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូន ដំណឹង ដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ ស្រុកល្វាឯមបានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន១០លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន ០៣ភូមិ គឺភូមិសំបួរ ភូមិព្រែកចារ និងភូមិជ្រោយជ្រៃ ឃុំសំបួរ ស្រុកល្វាឯម សរុបមានចំនួន ៤ ៧០៣ក្បាលដី៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





