មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមិថុនា និងលើកទិសដៅបន្តប្រចាំខែកក្កដា ឆ្នាំ២០២៥
AKP កំពង់ស្ពឺ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥-- លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍សកម្មភាពការងាររបស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺប្រចាំខែមិថុនា និងលើកទិសដៅបន្តខែកក្កដា ឆ្នាំ២០២៥ និងកិច្ចការងារសំខាន់ៗមួយចំនួន កាលពីរសៀលថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្រ្តី និងមន្រ្តីកិច្ចសន្យា ដែលប្រព្រឹត្តនៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ។

លោកប្រធានមន្ទីរបានលើកឡើងថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ គឺជាការងារអាទិភាព ដោយឈរលើទស្សនទាន ការអភិរក្សបម្រើដល់ការអភិវឌ្ឍ និងការអភិវឌ្ឍបម្រើដល់ការអភិរក្ស ព្រមទាំងស្របតាមគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ដល់ប្រជាសហគមន៍។

លោកបានគូសរំលេចនៅក្នុងអង្គប្រជុំទៀតថា ខេត្តកំពង់ស្ពឺត្រូវបានទទួលស្គាល់ជាលក្ខណៈជាតិលើការងារសហគមន៍ និងអេកូទេសចរណ៍ តាមរយៈការអនុវត្តគំរូអភិវឌ្ឍសហគមន៍ទេសចរណ៍ ក្រោមទម្រង់ភាពជាដៃគូរដ្ឋ ឯកជន ប្រជាជនដោយលើកទឹកចិត្តការវិនិយោគ តម្រូវឱ្យមានការចូលរួមពីប្រជាជនមូលដ្ឋាន ការផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍ ការផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន ព្រមទាំងការគោរពគោលការណ៍ចីរភាព និងទទួលខុសត្រូវ។

លោក រស់ សុខ ក៏បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ និងសហគមន៍ពិនិត្យពីសក្តានុពលនៃតំបន់ព្រមទាំងជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យមានកំណើនបន្ថែមទៀត តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ស្រុកនិងវិស័យឯកជន ក្នុងនោះរួមគ្នាដាក់ចេញនូវយុទ្ធសាស្ត្រមហាគ្រួសារទេសចរណ៍តែមួយក្នុងការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ព្រមទាំងការរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានានៅក្នុងសហគមន៍ឱ្យបានច្រើនប្រកបដោយភាពច្នៃប្រឌិត និងមានអត្តសញ្ញាណជាខ្មែរនៅក្នុងរដូវកាលបៃតងនេះ។
ក្នុងកិច្ចប្រជុំនេះ លោក រស់ សុខ ក៏បានស្តាប់នូវរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារ ព្រមទាំងបានណែនាំអំពីរបៀបរបបការងារ និងការបំពេញភារកិច្ចដោយឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។ មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពអង្គភាព ពង្រឹងមូលធនមនុស្ស ស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យទេសចរណ៍ និងបន្តថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងអង្គភាព។

ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីទេសចរណ៍ខេត្តកំពង់ស្ពឺ ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងក្នុងស្មារតីចូលរួមលើកស្ទួយសក្តានុពលទេសចរណ៍នៅខេត្តកំពង់ស្ពឺ តួយ៉ាង លោកក៏បានស្នើឱ្យមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ត្រូវសហការជាមួយបណ្តាអ្នកសារព័ត៌មាន និងក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងទិសដៅជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍ខេត្តកំពង់ស្ពឺឱ្យទូលំទូលាយបន្ថែមទៀត ជាពិសេសត្រូវផ្តល់កិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តរបស់យើងឱ្យផុលផុស៕
ដោយ លឹម សាន្ត





