សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំចុះផ្សព្វផ្សាយស្ដីពីរួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ
AKP កំពង់ធំ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥-- សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំចុះផ្សព្វផ្សាយស្ដីអំពី "រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ" ក្រោមការសម្របសម្រួលពីលោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមជាមួយលោកស្រី ឡេង សុខខី អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុក ព្រមទាំងមន្ត្រីក្រុមប្រតិបត្តិ និងមន្ត្រីប្រចាំការអនុសាខាជូនដល់លោកគ្រូ អ្នកគ្រូ ទីប្រឹក្សា និងយុវជនកាកបាទក្រហម សិស្សានុសិស្ស សរុបចំនួន១៦៣១នាក់ (ស្រី៩៣៥នាក់) នៅក្នុងវិទ្យាល័យតាំងក្រសាំងស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកស្រី ឡេង សុឃីម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីចម្ងាយពីសំណាក់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់ប្អូនៗដែលមានវត្តមានទីនេះទាំងអស់ និងបានបង្ហាញពីគោលបំណងក្នុងការផ្សព្វផ្សាយនេះដើម្បីឱ្យប្អូនៗដែលជាយុវជនកាកបាទក្រហម និងសិស្សានុសិស្សទាំងអស់យល់ដឹងអំពីជំងឺឆ្លង និងជំងឺមិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំង និងតម្រូវឱ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់ និងការពារផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺ covid- ១៩ ជំងឺអេដស៍ ជំងឺរបេងដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ។ ជាពិសេសដើម្បីអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ "រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុ" និងគម្រប់ខួបលើកទី៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជា។

លោកស្រីបានបញ្ជាក់ថា ដើម្បីឱ្យសហគមន៍មានសុខភាពល្អយើងត្រូវដឹងអំពីជំងឺដែលមិនឆ្លង៤ប្រភេទធំៗដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា៖ ជំងឺមហារីក ជំងឺទឹកនោមផ្អែមជំងឺលើសឈាម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម ប្រៃនិងខ្លាញ់ជាដើមស្របតាមទិសស្លោក "ស្រឡាញ់ខ្លួនស្ងួនចំណី"។ ដើម្បីឱ្យសហគមន៍មានភាពធន់ និងអាកាសធាតុសូមចូលរួមរៀនបន្សាំខ្លួន និងចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកចូលរួមដាំកូនឈើនៅតាមទីសាធារណៈមិនដុត ឬកប់សំបកដបជ័រក្នុងដី។

ទន្ទឹមនឹងនេះ លោកស្រីក៏បានផ្សព្វផ្សាយបន្ថែមអំពីវិធានការការពារជំងឺគ្រុនឈាមការជួយសង្គ្រោះបឋមជនរងគ្រោះស្លាក់ និងវិធីឃាត់ឈាម វិធីការពាររន្ទះ ព្រមទាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្នផងដែរ៕


ដោយ ស៊ុម វណ្ណា





