ឯកឧត្តម ហេង សួរ បានចុះពិនិត្យមើលស្ថានភាពមណ្ឌលសំចតប៉ោយប៉ែតច្រកព្រំដែនកម្ពុជា-ថៃ ត្រៀមទទួលពលករវិលត្រឡប់
AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥--ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើលមណ្ឌលសំចតប៉ោយប៉ែតច្រកព្រំដែនកម្ពុជា-ថៃ ដែលជាកន្លែងផ្តល់ព័ត៌មានពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ការចុះពិនិត្យនេះគឺជាផ្នែកមួយនៃយន្តការត្រៀមរបស់ក្រសួងក្នុងការទទួលបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ។

ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ ត្រូវបានទទួលស្វាគមន៍ និងអមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូបទៀត។ ក្នុងដំណើរទស្សនកិច្ចចុះពិនិត្យមណ្ឌលសំចតនេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងអនាគតរបស់ពលករខ្មែរគ្រប់រូប។

ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងថា “មណ្ឌលសំចតនេះមិនត្រឹមតែជាកន្លែងសម្រាកបណ្តោះអាសន្នប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលព័ត៌មានដ៏សំខាន់ ដែលពលករខ្មែរអាចទទួលបានព័ត៌មានច្បាស់លាស់អំពីឱកាសការងារក្នុងស្រុក ក៏ដូចជាកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ។ យើងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ឱកាសថ្មីៗដល់បងប្អូនពលករ ដើម្បីឱ្យពួកគាត់អាចចាប់ផ្តើមជីវិតថ្មី និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនៅពេលវិលត្រឡប់មកវិញ។”

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីភាពចាំបាច់ក្នុងការត្រៀមលក្ខណៈឱ្យបានល្អិតល្អន់ ដើម្បីធានាថាពលករខ្មែរដែលវិលត្រឡប់មកវិញ នឹងទទួលបានការគាំទ្រគ្រប់បែបយ៉ាង ចាប់ពីការសម្របសម្រួលការធ្វើដំណើរ រហូតដល់ការផ្តល់ព័ត៌មានទីផ្សារការងារ និងការតម្រង់ទិសអាជីព។ ក្រសួងនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបាននូវដំណើរការទទួលពលករប្រកបដោយរលូន និងប្រសិទ្ធភាព។
ឆ្លើយតបនឹងប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រី និងបានថ្លែងអំណរគុណចំពោះក្រសួងការងារ ដែលបានផ្តួចផ្តើមយន្តការដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា “ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើមដ៏ល្អប្រសើរនេះ។ ខេត្តបន្ទាយមានជ័យ ត្រៀមខ្លួនជានិច្ចក្នុងការចូលរួមអនុវត្តយន្តការនេះ តាមរយៈការសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធនៅតាមច្រកព្រំដែន ដើម្បីធានាបាននូវលំហូរពលករវិលត្រឡប់ប្រកបដោយរបៀបរៀបរយ និងសុវត្ថិភាព។ យើងខ្ញុំជឿជាក់ថា មណ្ឌលសំចតនេះនឹងក្លាយជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់បងប្អូនពលករខ្មែរ ក្នុងការស្វែងរកឱកាសការងារថ្មីៗ និងអភិវឌ្ឍខ្លួននៅក្នុងមាតុភូមិ។”

ឯកឧត្តម អ៊ុំ រាត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃកិច្ចសហការរវាងអាជ្ញាធរជាតិ និងអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសពលករដែលកំពុងប្រឈមនឹងការប្រែប្រួលនៃស្ថានការណ៍ការងារ។ ការចុះពិនិត្យមណ្ឌលសំចតនេះគឺជាសញ្ញាណដ៏វិជ្ជមានមួយដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវជីវភាពរស់នៅសមរម្យ និងការអភិវឌ្ឍន៍ជំនាញសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសពលករដែលបានលះបង់កម្លាំងកាយចិត្តដើម្បីចូលរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិ៕
ដោយ ឈុន សារ៉ាត





