វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពស្ដីពីច្បាប់ស្ដីពីយុត្តិធម៌អនីតិជន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្ដម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្ដារសម្បទា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពស្ដីពីច្បាប់ស្ដីពីយុត្តិធម៌អនីតិជន សិទ្ធិកុមារ និងការដោះលែងដោយមានលក្ខខណ្ឌ នៅខេត្តសៀមរាប ។

ឯកឧត្ដមអគ្គនាយកបានឱ្យដឹងថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារសង្គមកិច្ច គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំសង្កាត់ នគរបាលយុត្តិធម៌ ព្រះរាជអាជ្ញា និងចៅក្រម លើការងារយុត្តិធម៌អនីតិជន និងផ្សព្វផ្សាយអំពីការដោះលែងដោយមានលក្ខខណ្ឌ។

វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីលោក ឃ្លាំង ទី អគ្គនាយករងនៃអគ្គនាយកដ្ឋានស្ដារសម្បទា លោក វ៉ិត វ៉ាល់ដា អគ្គនាយករងនៃអគ្គនាយកដ្ឋានស្ដារសម្បទា លោកប្រធាននាយកដ្ឋានស្ដារនីតិសម្បទាអនីតិជន លោក តាន់ សេណារ៉ុង ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ លោក សោម វិសាល អនុប្រធាននាយកដ្ឋាននៃក្រសួងមហាផ្ទៃ លោក អាំង សុភា អនុប្រធានសាលាដំបូងខេត្តសៀមរាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ចៅក្រម នៃសាលាដំបូងខេត្តសៀមរាប នគរបាលយុត្តិធម៌ គណៈកម្មការទទួលបន្ទុកកិច្ចការនារី និងកុមារ ភ្នាក់ងារសង្គមកិច្ច បុគ្គលិកសង្គមនៃ អង្គការជីវិតនៅកម្ពុជា និងមន្ត្រីជំនាញប្រមាណជាង ៤០រូប៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





