រដ្ឋបាលខេត្តកណ្តាល រៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួយដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ
AKP កណ្តាល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ -- រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ក្រោមអធិបតីភាពលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលខេត្កណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ ដោយបានការអញ្ជើញចូលរួមពីនាយប៉ុស្តិ៍រដ្ឋបាលឃុំ មេឃុំ មេភូមិ សិស្សានុសិស្ស សមាជិកសមាគមនារីដើម្បីអភិវឌ្ឍន៍ ប្រជាពលរដ្ឋ និងអាជីកម្មផ្ទះសំណាក់ ខារ៉ាអូខេ ម៉ាស្សា កោលជប់ សរុប ២៥០នាក់ នៅសាលប្រជុំសាលាស្រុកខ្សាច់កណ្ដាល។
លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរង នៃគណៈអភិបាលខេត្កណ្តាល មានប្រសាសន៍ថា គោលបំណងនៃការរៀបចំវេទិការផ្សព្វផ្សាយនាពេលនេះ គឺចង់អោយបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់អំពីអ្វីទៅជាការជួញដូរមនុស្ស ឬការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី កុមារ ការប្រើអំពើហិង្សាផ្សេងៗ នឹងអោយបងប្អូនបានយល់ពីរបៀបនៃការការពារខ្លួន ឬដើម្បីរកជំនួយជាដើម និងលុបបំបាត់ការធ្វើអំពើជួញដូរមនុស្ស និងបង្ហាញពីការចូលរួមក្នុងការទទួលយកនូវចំណេះដឹងដើម្បីយកទៅផ្សព្វផ្សាយបន្តអោយបានទូលំទូលាយអំពីច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មភេទលើស្ត្រី និងកុមារ និង ច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះក៏ដូចជាផលវិបាកនៃការធ្វើចំណាកស្រុកដោយប្រថុយប្រថានផងដែរ។

តាមរយៈការផ្សព្វផ្សាយច្បាប់របស់លោកគ្រូឧទ្ទេសអំពីខ្លឹមសារនៃមេរៀននីមួយៗ ដែលបានធ្វើបទបង្ហាញតាមរយៈសំណួរចម្លើយ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញថាលោក លោកស្រី ប្អូនៗ និងក្មួយៗសិក្សានុសិស្សបានយល់ច្បាស់ពីអត្ថន័យ និងការជួយអន្តរាគមន៍នៅពេលដែលមានហេតុការណ៍កើតឡើង ពីវិធីសាស្ត្រ និងវិធានការទប់ស្កាត់បែបណា ឬក៏យើងត្រូវចូលរួមសហការបែបណាដើម្បីសហការបង្ក្រាបនូវបទល្មើសផ្សេងៗដែលបានកើតឡើង ពាក់ព័ន្ធទៅនឹងបទល្មើសហឹង្សាក្នុងគ្រួសារ ការកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និងកុមារ តាមប្រព័ន្ធអនឡាញក្តី ហើយក៏ដូចជាការជួញដូរមនុស្សគ្រប់ទម្រង់និងគ្រប់រូបភាព។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ក្មួយៗសិក្សានុសិស្ស និងស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជាបងប្អូនប្រកបរបរអាជីកម្មផ្ទះសំណាក់ ខារ៉ាអូខេ ម៉ាស្សា កោសជប់ សូមចូលរួមសហការទាំងអស់គ្នាឲ្យបានយ៉ាងសកម្ម គ្រប់ទម្រង់គ្រប់រូបភាពដើម្បីនាំគ្នាជួយផ្សព្វផ្សាយ អប់រំ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារ ឱ្យមានប្រសិទ្ធភាពជាទីបំផុត និងសូមបន្តយកចិត្តទុកដាក់ បងប្អូនសាច់ញាតិ ដែលគាត់ធ្វើចំណាកស្រុកក្រៅប្រទេសក្ដី ក្នុងប្រទេសក្ដី ត្រូវមានទំនាក់ទំនងជាមួយគ្នា សួរសុខទុក្ខគ្នាទៅវិញទៅមក ដើម្បីទទួលបានព័ត៌មានពីពួកគាត់ ព្រោះថាការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដែលមិនមានការគ្រប់គ្រងច្បាស់លាស់គឺជាមូលហេតុមួយដែលនាំឲ្យមានការជួញដូរមនុស្សទៅក្រៅប្រទេសផងដែរ។

លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសប្អូនៗក្មួយៗដែលប្រើប្រាស់បណ្ដាញសង្គមទូទាំងស្រុកខ្សាច់កណ្ដាល សូមរក្សាភាពស្ងៀមស្ងាត់ និងចូលរួមគាំទ្រទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការលើកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅតុលាការយុត្តិធម៌ អន្តរជាតិ សូមជួយគាំទ្រដល់កងទ័ពដែលឈរជើងនៅព្រំដែន និងសូមឱ្យមានការប្រុងប្រយ័ត្ននៅការផ្សព្វផ្សាយព័ត៌មានមិនពិតលើបណ្តាញសង្គម នាំឱ្យមានការញុះញង់ អុចអាល ដែលនាំឱ្យមានការរើសអើងពូជសាសន៍ និងអាចបង្កឱ្យមាន អស្ថិរភាព និងអសន្តិសុខសង្គម។
បន្ទាប់ពីបញ្ចប់វេទិកាផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបអំពើជួយដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថានរួចមក លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជួញដូរមនុស្សខេត្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋត្រឡប់មកលំនៅដ្ឋានវិញ ដែលគាត់បានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។
លោកជំទាវ បានជំរុញឱ្យអាជ្ញាធរគ្រប់ក្រុង-ស្រុក ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះពលករខ្មែរដែលចំណាកស្រុកធ្វើការ នៅប្រទេសថៃ និងត្រូវត្រៀមទទួលស្វាគមន៍ និងចុះសួរសុខទុក្ខពួក គាត់ភ្លាមៗ ៕
ដោយ ៖ណយ នឿន(ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





