អាជ្ញាធរខេត្តត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជននៅតាមមូលដ្ឋាន
AKP សៀមរាប ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥-- លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាកឬបញ្ហានានា ហើយត្រូវឆ្លើយតបដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគាត់ ជាពិសេសសម្រាប់អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម។ ការជំរុញរបស់អភិបាលរងខេត្តរូបនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាព និងលើកទិសដៅសម្រាប់អនុវត្តបន្ត របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។
លោក នាក់ ណេរ៉ុន បានមានប្រសាសន៍បន្តទៀតថា ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការនិងបង្កគ្រប់លទ្ធភាព ឱ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ ចំពោះមុខត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្រទ័លលំបាកពិតប្រាកដ ហើយរៀបចំបញ្ជីឈ្មោះត្រឹមត្រូវដើម្បី បញ្ជូនមកគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ហើយបញ្ជូនទៅអគ្គលេខាធិការដ្ឋាន ដើម្បីសរុបស្នើសុំសម្តេចប្រធាន ផ្តល់ជាផ្ទះស្នាក់នៅ ឬផ្តល់ដីសម្បទានសង្គមកិច្ចជូនបងប្អូនផងដែរ។


ក្នុងនាមឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប លោកនាក់ ណេរ៉ុន ក៏បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញការងារតាម តួនាទីភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ទទួលបានលទ្ធផលល្អប្រសើរ ដោយបានរួមគ្នាទាំងកម្លាំងកាយកម្លាំងចិត្ត ថវិកានិងសម្ភារះ ដើម្បីជួយដោះស្រាយ សម្រាលនូវការលំបាករបស់បងប្អូនអតីតយុទ្ធជនយើង ដែលមានជីវភាពលំបាក ខ្វះខាតបានទាន់ពេលវេលាផងដែរ។

ទន្ទឹមនឹងនេះ លោកអភិបាលរងបានណែនាំ និងជំរុញបន្ថែមទៀត ត្រូវបន្តផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងលក្ខន្តិក:របស់សមាគមអតីតយុទ្ធជនកម្ពុជា ដល់បងប្អូនអតីតយុទ្ធជន ចូលជាសមាជិកសមាគមឱ្យបានគ្រប់ៗគ្នា-សហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ដើម្បីទទួលបានសេវាសាធារណៈ ដូចជាការបង្កើតមុខរបរ ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ពេលមានជំងឺឬគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ពិសេសការបណ្តុះបណ្តាលវិជ្ជាជីវៈ -អំពាវនាវដល់សប្បុរសជន អាជីវករ ក្រុមហ៊ុន និងអង្គការផ្សេងៗ គៀងគររកមូលនិធិ ដើម្បីសាងសង់ផ្ទះ ជូនសមាជិក ព្រមទាំងជំរុញការបើកថវិកាសម្តេចតេជោ និងថវិកាបេឡាមរណសង្គ្រោះ ឱ្យបានទាន់ពេលវេលាផងដែរ។


យោងតាមសេចក្តីរាយកាណ៍របស់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប បានឱ្យដឹងថា បច្ចុប្បន្ននេះសមាជិកអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបមានចំនួន ៦,៦៦៣នាក់ ក្នុងនោះមាននិវត្តន៍ជនចំនួន២,៦៨០នាក់ ពិការចំនួន ១,៩៦៩នាក់ ជនបាត់បង់១៤០នាក់ .គ្រួសារពលីចំនួន១,៦៨២នាក់ និងគ្រួសារជនមរណៈមានចំនួន១៨២នាក់ ហើយនិវត្តជនដែលមិនទាន់បានចូលជាសមាជិកសមាគមមានចំនួន៤០២នាក់។ ហើយចាប់តាំងពីឆ្នាំ២០១៦ដល់ឆ្នាំ ២០២៤បានសាងសង់ផ្ទះជូនសមាជិកបានចំនួន៩០ខ្នង ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី។ ហើយបច្ចុប្បន្ននេះដែរ មានសមាជិកដែលអត់ដី អត់ផ្ទះ រស់នៅលើដីសាធារណៈមានចំនួន២៨៨គ្រួសារ (បានដាក់ពាក្យស្នើសុំហើយ) និងសមាជិកមានដីតែអត់ផ្ទះចំនួន៤១គ្រួសារ៕
ដោយ ហង្ស សៀក





