ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន៖ ព្យុហយាត្រាសាមគ្គីភាពសហភាពសហព័ន្ធយុវជនកម្ពុជាថ្ងៃ១៨ មិថុនានេះ បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥-- ព្យុហយាត្រាសាមគ្គីភាពរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៥នេះ នឹងបង្ហាញពីការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំកម្មវិធីព្យុហយាត្រាសាមគ្គីភាពរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សាលារាជធានីភ្នំពេញ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា បញ្ហាសន្តិសុខសុវត្ថិភាពនៅក្នុងកម្មវិធីព្យុហយាត្រាសាមគ្គីភាពរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានប្រគល់ជូនឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មានទាំងកម្លាំងប៉ូលីស កងរាជអាវុធហត្ថ និងកងអង្គរក្សជាអ្នកគាំទ្រដោយផ្ទាល់ ដាច់ខាតពិធីនេះត្រូវតែរក្សាឱ្យបានសន្តិសុខ សុវត្ថិភាព ១០០% មិនត្រូវឱ្យមានហេតុការណ៍អ្វីកើតឡើងដាច់ខាត ទាំងនៅក្នុងរាជធានីភ្នំពេញ និងផ្លូវចេញចូលរាជធានីភ្នំពេញ ព្រោះថានេះជាព្រឹត្តិការណ៍នយោបាយដ៏ធំបំផុតដែលយើងត្រូវតែធ្វើឱ្យបានហ្មត់ចត់បំផុត។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍លើកឡើងផងដែរថា សម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជាបានត្រៀមជាមួយនឹងការកែសម្រួលនូវចំណុចខ្លះដើម្បីឱ្យសមស្របទៅនឹងគម្រោងផែនការក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពទាំងខ្លឹមសារ ដោយមិនត្រូវបានយកទៅកែច្នៃឡើយ។ បន្ថែមពីនេះសហព័ន្ធយុវជនកម្ពុជាក៏បានធ្វើលិខិតបញ្ជូនទៅបណ្ដាលស្ថានទូតនានា នៅក្នុងរាជធានីភ្នំពេញ ប្រមាណជាង២០ស្ថានទូតរួចហើយ ដើម្បីឱ្យពួកគាត់បានជ្រាបពីព័ត៌មាន និងប្រាប់ពួកគាត់ឱ្យដឹងពីគោលបំណងរបស់យើងជុំវិញការធ្វើពិធីនេះផងដែរ។

កម្មវិធីព្យុហយាត្រាសាមគ្គីភាពរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៨មិថុនាខាងមុខនេះ នឹងចាប់ផ្តើមជួបជុំគ្នានៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ ហើយបន្តក្បួនព្យុហយាត្រាឆ្ពោះមកកាន់វិមានឯករាជ្យ។ ចំពោះគោលបំណងនៃកម្មវិធី ព្យុហយាត្រាសាមគ្គីភាព គឺបង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជា ផ្អែកលើច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងៗ (កម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនរណាយកដីសូម្បីតែមួយមីលីម៉ែត្រដែរ។ បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿន ការពារជាតិប្រជាជន។ បង្ហាញការគាំទ្រ ក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំឯកសារដើម្បីដាក់ពាក្យប្ដឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។ ស្មារតីយើង សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពល ម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើងនាពេលនេះ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សម្រាប់ពិធីនេះ យើងមានការបំពាក់មីក្រូតាមដងផ្លូវ និងនៅកន្លែងប្រារព្វពិធី មានទាំងការពង្រឹងកាមេរ៉ាសុវត្ថិភាព ចាប់តាមបណ្ដាផ្លូវនានា។ ចំណែកខណ្ឌទាំង១៤ត្រូវបង្កើនចំណុចខ្ពស់ទាំងអស់ ពិសេសកិច្ចការពារ សន្តិសុខ សុវត្ថិភាពជូនស្ថានទូតថៃ ប្រជាពលរដ្ឋថៃនិងអ្នករកស៊ីជនជាតិថៃជាដើម។ជាមួយនឹងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ ដោយមិនត្រូវឱ្យមានបញ្ហាអ្វីកើតឡើងជាដាច់ខាត។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានត្រៀមនៅរថយន្តសង្គ្រោះ ដោយបានទាក់ទងជាមួយនឹងបណ្ដាមន្ទីរពេទ្យ នានានៅក្នុងរាជធានីភ្នំពេញ ពោលគឺនៅពេលដែលមានបងប្អូនប្រជាពលរដ្ឋ មានបញ្ហាសុខភាពកើតឡើង យើងជួយសង្គ្រោះបានទាន់ពេលវេលា។


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបញ្ជាក់ឱ្យដឹងដែរថា ក្រសួងព័ត៌មានមានតួនាទីក្នុងការ ផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍នយោបាយដ៏ធំនេះ ដោយទូរទស្សន៍ជាតិ និងទូរទស្សន៍បាយ័នសហការគ្នាផ្សាយផ្ទាល់។ ចំណែកឯទូរទស្សន៍ផ្សេងៗទៀតក៏ត្រូវបានផ្សាយបន្តផ្ទាល់ទាំងអស់ ក្រសួងព័ត៌មានក៏បានអនុញ្ញាតឱ្យសារព័ត៌មានជាតិ និងបរទេសជាច្រើនស្ថាប័នធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយផងដែរ៕
ដោយ សួស សំរិត





