ឯកឧត្ដម កើត ឆែ ស្នើឱ្យស្មៀនសង្កាត់ទាំងអស់ជួយចូលរួមថែរក្សាសន្តិភាពដែលមានស្រាប់
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានស្នើឱ្យស្មៀនសង្កាត់ទាំង១០៥ ចូលរួមថែរក្សាសមិទ្ធផលដែលរកបានមកដោយលំបាករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នោះគឺសន្តិភាពនៅកម្ពុជាសន្តិភាធ្វើឱ្យយើងមានឱកាសធ្វើអ្វីៗគ្រប់យ៉ាងរហូតមកដល់សព្វថ្ងៃនេះ។ ការស្នើសុំបែបនេះរបស់ឯកឧត្ដម កើត ឆែ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីកិច្ចការស្មៀន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម កើត ឆែ ក៏បានថ្លែងនូវការអរគុណចំណោះសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលកន្លងមក តែងតែបានធ្វើការបណ្តុះបណ្តាលបុគ្គលិក-មន្ត្រីរាជការ នៃរដ្ឋបាលរាជធានីភ្នំពេញ និងបានបញ្ជាក់ថា ស្មៀនបានដើរតួនាទីចម្បងចំនួន០២ ជាអ្នកសម្របសម្រួលការងារ រដ្ឋបាលផ្ទៃក្នុង នៃរដ្ឋបាលសង្កាត់ផង និងជាអ្នកសម្របសម្រួល ប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានផង។ ការបង្កើតនូវយន្តការច្រកចេញចូលតែមួយនៅថ្នាក់សង្កាត់ កាលពីឆ្នាំ២០២២ បានធ្វើឱ្យទំហំការងាររបស់ស្មៀនកាន់តែច្រើនឡើងទ្វេដង ហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្មៀនក៏ទទួលបាននូវការបណ្តុះបណ្តាលលើការងារឌីជីថល ការងាររបៀប និងគ្រប់គ្រងឯកសាររដ្ឋបាល និងការបណ្តុះបណ្តាលលើជំនាញទន់ រួមមាន ការអភិវឌ្ឍផ្នត់គំនិត (Mindset) និងភាពជាថ្នាក់ដឹកនាំ (Leadership) ផងដែរ។

ឯកឧត្ដមក៏បានបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលក្នុងថ្ងៃនេះនឹងផ្តោតលើទិដ្ឋភាពសំខាន់០២ នោះគឺ៖ ទី១. តួនាទីភារកិច្ច របៀបរបបការងាររបស់ស្មៀន និងកិច្ចការរដ្ឋបាលឃុំ សង្កាត់ និង២. ការរំលឹកឡើងវិញនូវក្រមសីលធម៌ វិជ្ជាជីវៈការងារ និងឥរិយាបថមន្ត្រីរាជការ ដែលស្មៀនត្រូវប្រកាន់ខ្ជាប់។


ទន្ទឹមនឹងនេះ ឯកឧត្ដម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ស្មៀនសង្កាត់នៅភ្នំពេញគឺសុទ្ធតែមនុស្សមានចំណេះដឹងខ្ពស់ ពោលគឺស្ទើតែ៨០ភាគរយទៅហើយ ជាស្មៀនដែលមានសញ្ញាបត្របរិញ្ញាបត្រឡើងទៅ ការបណ្តុះបណ្តាលស្មៀននាពេលនេះ ដើម្បីឱ្យស្មៀនទទួលបាននូវចំណេះដឹងជាមូលដ្ឋាន ចេះពីកិច្ចការងារអភិវឌ្ឍមូលដ្ឋានក្រមសីលធម៌ វិជ្ជាជីវៈការងារ និងកិច្ចការងារសហការជាមួយដៃគូអភិវឌ្ឍន៍៕
ដោយ សួស សំរិត





