ឯកសាររវិនិច្ឆ័យចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធរបស់ប្រជាពលរដ្ឋ១៩ភូមិ ក្នុងស្រុកអង្គស្នួល ត្រូវបានបិទផ្សាយ
AKP កណ្ដាល ថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២៥--
បណ្ណកម្មសិទ្ធិគឺមានផលប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋ ដូចជាធានានូវសិទ្ធិរបស់បងប្អូនក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី អាចយកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់ ជាឯកសារសម្អាងនៅពេលមានជម្លោះដីធ្លី ធ្វើឱ្យកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត។ នេះជាប្រសាសន៍របស់លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល ក្នុងពិធីបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដែលមានក្បាលដីចំនួន១២ ៣៩២ក្បាលដី ស្មើនឹង១៩ភូមិ គឺភូមិត្រយឹង ភូមិត្រពាំងឈូក ភូមិស្រះសង្គម ភូមិថ្លើក ភូមិត្រពាំងឈើនាង ភូមិត្រពាំងភូមិ ភូមិចំការត្រាច ភូមិទួលស្រម៉ ភូមិចំការជោ ភូមិទឹកជោ ភូមិព្រៃពពេល ភូមិត្រពាំងពើក ភូមិទួលត្នោត ភូមិអង្គសំណាង ភូមិខ្លាកូន ភូមិព្រៃទំពូង ភូមិអង្គស្នួលទី១ ភូមិអង្គស្នួលទី២ និងភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកអភិបាលរងបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្យមើលការបិទឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានរយៈពេល១៥ថ្ងៃ (គិតចាប់ពីថ្ងៃទី១៦ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥) គឺ រាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក។ ដើម្បីមានលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល់ដីរបស់ខ្លួន ព្រទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង បើក្នុងករណីផុតរយៈពេលកំណត់ នៃការបិទផ្សាយបងប្អូនប្រជាពលរដ្ឋ មិនអាចជំទាស់តវ៉ាបានទៀត។ អាជ្ញាធរគ្រប់ជាន់ថ្នាក់និងស្ថាប័នពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះ ពេលត្រឡប់ទៅមូលដ្ឋានវិញសូមបន្តធ្វើការផ្សព្វផ្សាយពីពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឱ្យបានដឹង និងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដែលក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់មន្ទីរដែលបានអនុវត្តតាមនីតិវិធី ឱ្យបានគ្រប់ៗគ្នា។

ទន្ទឹមនឹងនេះ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងពីគោលបំណងនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ដែលក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរ ដែលបានចុះអនុវត្តតាមនីតិវិធីកន្លងមក។ ការបិទផ្សាយនាពេលនេះគឺជាលើកទី៤៥ សម្រាប់ស្រុកអង្គស្នួល និងជាលើកទី២៨៨ សម្រាប់ខេត្តកណ្តាលទាំងមូល៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





