មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែមិថុនា និងលើកទិសដៅខែកក្កដា ឆ្នាំ២០២៥
AKPកំពង់ស្ពឺ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥--
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ បានរៀបចំកិច្ចប្រជុំបូកសរុបឆ្លងរបាយការណ៍ប្រចាំខែមិថុនា និងលើកទិសដៅខែកក្កដា នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍វឌ្ឍនភាព និងទិសដៅការងារបន្ដរួចមក លោកអៀង ដាំប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ បានថ្លែងការកោតសរសើរ អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់មន្ទីរ និងនៅតាមបណ្តា ក្រុង ស្រុក ឃុំ សង្កាត់ ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងសកម្ម ស្របតាមផែនការសកម្មភាព ក្នុងក្របខ័ណ្ឌតួនាទី ភារកិច្ចរបស់មន្ទីរ និងស្របតាមគោលការណ៍ “រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ” រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ក្នុងឱកាសនោះលោកអៀង ដាំ បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួនដើម្បីជាការតម្រង់ទិសក្នុងការបន្តអនុវត្តតួនាទី ភារកិច្ចឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ និងស័ក្ដិសិទ្ធិភាព ស្របតាមយុទ្ធសាស្ដ្រ និងចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងស្របតាមអភិក្រមពង្រឹង ៧០ភាគរយនិងពង្រីក ៣០ភាគរយ ក្នុងនោះ លោកប្រធានមន្ទីរ បានណែនាំដល់ថ្នាក់ដឹកនាំនិងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ បន្ដអនុវត្តតួនាទី ភារកិច្ច ឱ្យមានប្រសិទ្ធភាព ស្របតាមទិសដៅដែលបានគ្រោងក្នុងផែនការ, បន្ដជំរុញការអនុវត្តផែនការសកម្មភាពជាតិស្ដី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ជាពិសេសការិយាល័យនៅទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក និងអនាម័យជនបទ ឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយបុរេសកម្ម ក្នុងអំឡុងពេលនៃរដូវវស្សានេះដើម្បីងាយស្រួលដោះស្រាយការប្រឈមនានាដែលកើតឡើងជាយថាហេតុ។

លោក អៀង ដាំ បានបន្តលើកឡើងទៀតថា វិស័យអភិវឌ្ឍន៍ជនបទ ត្រូវបានកំណត់ក្នុងមុំទី៣ នៃបញ្ចកោណទី៤ ត្រូវបន្ដលើកស្ទួយ និងលើកកម្ពស់ការអភិវឌ្ឍជនបទ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាពិសេសការកសាងផ្លូវជនបទតភ្ជាប់ទៅកសិដ្ឋាន ផ្លូវខេត្ត និងផ្លូវជាតិ ឱ្យក្លាយជាជនបទសមាហរណកម្ម កែលម្អលក្ខខណ្ឌជីវភាពរបស់សហគមន៍ជនបទ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ ការអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ។ ក្នុងគោលបំណងឆ្លើយតបនឹងទិសដៅអភិវឌ្ឍន៍នេះ មន្ទីរអភិវឌ្ឍន៍ជនបទ បានចូលរួមចំណែកកែទម្រង់រដ្ឋបាលសាធារណៈ, កែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិស្ដីពីការអភិវឌ្ឍជនបទសម្រាប់នីតិកាលទី៧ និងបានរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលជាផែនការមេរយៈពេលវែង ២០២៥-២០៣៥ ដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធផលដែលបានសម្រេចនាពេលកន្លងមក ដើម្បីដាក់ទិសដៅជំរុញការអភិវឌ្ឍជនបទឱ្យរីកចម្រើនបន្ថែមទៀត ដែលមានចក្ខុវិស័យវែងឆ្ងាយ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕
ដោយ៖ លឹម សាន្ត





