មន្ត្រីកសិកម្មឃុំ ៦២ រូប ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការកាត់បន្ថយថ្លៃដើមផលិតកម្មស្រូវ
AKPបន្ទាយមានជ័យថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៥---
មន្ត្រីកសិកម្មឃុំចំនួន ៦២ នាក់ កំពុងចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥) ស្ដីពី "ការកាត់បន្ថយថ្លៃដើមផលិតកម្មតាមរយៈបច្ចេកទេសប្រើប្រាស់ជី-ថ្នាំកសិកម្ម និងការដាំដុះដំណាំស្រូវ"។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសនោះឯកឧត្ដម ឡោ រស្មី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះ ក្នុងការរួមចំណែកកាត់បន្ថយថ្លៃដើមផលិតកម្មស្រូវ ដែលជាកង្វល់ចម្បងរបស់កសិករនាពេលបច្ចុប្បន្ន។

ឯកឧត្ដមបានមានប្រសាសន៍ថា «ការកាត់បន្ថយថ្លៃដើមផលិតកម្ម មិនត្រឹមតែជួយឱ្យកសិករទទួលបានប្រាក់ចំណេញកាន់តែច្រើនប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មយើងនៅលើទីផ្សារទៀតផង។ តាមរយៈការអនុវត្តបច្ចេកទេសត្រឹមត្រូវ ដូចជាការប្រើប្រាស់ជី និងថ្នាំកសិកម្មឱ្យបានសមស្របទៅតាមតម្រូវការដំណាំ និងការយល់ដឹងពីបច្ចេកទេសដាំដុះស្រូវដែលមានប្រសិទ្ធភាពខ្ពស់ គឺជាគន្លឹះដ៏សំខាន់ដែលមន្ត្រីកសិកម្មទាំងអស់ ត្រូវនាំយកចំណេះដឹងនេះទៅផ្សព្វផ្សាយបន្តដល់បងប្អូនកសិករនៅមូលដ្ឋាន»។
ឯកឧត្ដមក៏បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជំរុញវិស័យកសិកម្មឱ្យមានការរីកចម្រើន ប្រកបដោយនិរន្តរភាព និងធានាសន្តិសុខស្បៀង។

ចំណែកឯ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានបង្ហាញពីការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ដែលលោកចាត់ទុកថាជាការវិនិយោគដ៏សំខាន់លើធនធានមនុស្សនៅក្នុងវិស័យកសិកម្ម។ លោកបានបញ្ជាក់ថា «មន្ត្រីកសិកម្មឃុំ គឺជាខ្សែសង្វាក់ដ៏សំខាន់បំផុតក្នុងការនាំយកបច្ចេកទេស និងចំណេះដឹងថ្មីៗទៅដល់កសិករផ្ទាល់។ វគ្គបណ្ដុះបណ្ដាលនេះ នឹងពង្រឹងសមត្ថភាពរបស់បងប្អូនមន្ត្រីទាំងអស់ឱ្យកាន់តែមានជំនាញច្បាស់លាស់ ក្នុងការណែនាំ និងជួយកសិករដោះស្រាយបញ្ហាប្រឈមនានា ទាក់ទងនឹងការដាំដុះស្រូវ ជាពិសេសគឺការកាត់បន្ថយការចំណាយលើសម្ភារៈកសិកម្មដែលមិនចាំបាច់»។ លោកក៏បានលើកទឹកចិត្តឱ្យ អ្នកចូលរួម ទាំងអស់យកចិត្តទុកដាក់សិក្សា និងផ្លាស់ប្ដូរយោបល់ ដើម្បីទទួលបានចំណេះដឹងឱ្យបានច្រើនបំផុតពីវគ្គបណ្ដុះបណ្ដាលនេះ។
សូមជម្រាបថាវគ្គបណ្ដុះបណ្ដាលនេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ ដោយរំពឹងថានឹងផ្ដល់ចំណេះដឹង និងបច្ចេកទេសជាក់ស្ដែងដល់មន្ត្រីកសិកម្មឃុំទាំង ៦២ រូប ឱ្យអាចយកទៅអនុវត្ត និងផ្សព្វផ្សាយបន្តដល់កសិករនៅទូទាំងខេត្តបន្ទាយមានជ័យ ប្រកបដោយប្រសិទ្ធភាព៕
ដោយ៖ ឈុនសារ៉ាត





