រដ្ឋបាលខេត្តកណ្តាលបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ
AKP កណ្ដាល ថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២៥--
រដ្ឋបាលខេត្តកណ្តាលបានរៀបចំពិធីបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្ត នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងលោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី នាយករងសាលាខេត្ត នាយកទីចាត់ការចំណុះសាលាខេត្ត និង លោកលោកស្រីអភិបាលរងក្រុងស្រុកទាំង១៣ ផងដែរ។

លោក ឌឹម បូរ៉ា អភិបាលរង ខេត្តកណ្តាល បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង ២១ខែ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមបាវចនា “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងអាទិភាពគន្លឹះ៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” រដ្ឋបាលខេត្តកណ្តាល និងរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត បានសម្រេច លទ្ធផលការងារជាច្រើនគួរជាទីមោទនៈ ជាពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព បរិយាប័ន្ន សមធម៌ ដោយប្រកាន់យកនូវអភិក្រម “ការបម្រើសេវាសាធារណៈល្អ ប្រជាជនស្រឡាញ់”ព្រមទាំងបាន និងកំពុងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវ អាកាស ផ្លូវល្បឿនលឿន ផ្លូវក្រវ៉ាត់ក្រុង មហាវិថី ផ្លូវរថភ្លើង ស្ពានឆ្លងកាត់ទន្លេ កំពង់ផែ ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ព្រែកជីកហ្វូណនតេជោ បានជម្រុញការផ្គត់ ផ្គង់ទឹកស្អាតបាន ៩៧៩/១០១០ភូមិ និងបណ្តាញអគ្គិសនីគ្របដណ្តប់គ្រប់ភូមិទូទាំងខេត្ត។ រដ្ឋបាលខេត្តបានបុរេសកម្មក្នុងការចេញសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈខេត្តកណ្តាល ហៅកាត់ថា (ក.ហ.ស) ស្របតាម សារាចរលេខ ១៤ សរ របស់ រាជរដ្ឋាភិបាល ដើម្បីត្រៀមខ្លួនចូលរួមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាល ៤ "ការកសាងគណនេយ្យភាពសមិទ្ធកម្ម” ក្នុងឆ្នាំ២០២៦ ខាងមុខនេះ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង សវនកម្មមានគោលបំណងធ្វើឱ្យប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង របស់អង្គភាពនីមួយៗ ដំណើរការប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងការចូលរួមទប់ស្កាត់ការខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ ។ ការចុះធ្វើសវនកម្ម ផ្ទៃក្នុង គឺជាការងារមួយដែលមានលក្ខណៈជាប្រព័ន្ធដែលសបញ្ជាក់អំពីលទ្ធផលឆ្លើយតបទៅនឹង ការចូលរួមចំណែក ជួយពង្រឹងនូវការងារស្នូលរបស់សវនដ្ឋាននីមួយៗ ក៏ដូចជាអង្គភាព ពាក់ព័ន្ធ ក្រោមការត្រួតពិនិត្យ និងវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើការងារគ្រប់គ្រងបុគ្គលិក ការងារហិរញ្ញវត្ថុសាធារណៈ និងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ សម្រាប់ខេត្តកណ្តាល ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលក្រុង ស្រុក ថ្នាក់ដឹកនាំតាមទីចាត់ការ និងអង្គភាពនីមួយៗ បានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីរបស់ខ្លួន ក្នុងកិច្ចការប្រតិបត្តិការពង្រឹងប្រសិទ្ធភាពការងារ គ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិកបានយ៉ាងល្អប្រសើរ ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនានា ដែលបានកំណត់ពិសេសឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញ។ ឯកឧត្តម អគ្គនាយក បានថ្លែងអំណរអរគុណ និងមានសេចក្តីសោមនស្សរីករាយ ចំពោះគណអធិបតី និងអង្គពិធីទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងពិធីប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធនាពេលនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការជំរុញ និងបង្កើនល្បឿនកំណែទម្រង់អភិបាលកិច្ចតាមរយៈការកែទម្រង់ស៊ីជម្រៅលើផ្នែករដ្ឋបាលសាធារណៈ ការកែទម្រង់កងកម្លាំងនគរបាលជាតិ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយផ្តោតការត្រួតពិនិត្យលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក និងការគ្រប់គ្រងជនជាប់ឃុំ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការចុះធ្វើសវនកម្មផ្ទៃក្នុង គឺដើម្បីជួយជំរុញលើការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងភាពទទួលខុសត្រូវខ្ពស់ ជាពិសេស អនុសាសន៍កែលម្អទាំងអស់ដែលផ្តល់ដោយសវនករ បានក្លាយជាមូលដ្ឋានក្នុងការវិភាគ វាយតម្លៃហានិភ័យ និងកែលម្អចំណុះខ្វះខាតនានារបស់សវនដ្ឋានឱ្យស្របតាមបទដ្ឋានគតិយុត្តជាធរមាន៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





