ខេត្តបន្ទាយមានជ័យ ប្រារព្ធ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ៖ ការគោរពដ៏ខ្ពង់ខ្ពស់ចំពោះព្រះវររាជមាតាជាតិខ្មែរ
AKPបន្ទាយមានជ័យ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥--
ខេត្តបន្ទាយមានជ័យ បានប្រារព្ធឡើងនូវព្រះរាជពិធីបុណ្យចម្រើនព្រះជន្មដ៏មហោឡារិក ដើម្បីអបអរសាទរព្រះជន្មគម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។

ព្រះរាជពិធីបុណ្យដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមការសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងរដ្ឋបាលខេត្ត។ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំ (ក) នៃរដ្ឋបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃចន្ទទី១៦ខែមិថុនាឆ្នាំ២០២៥ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ រួមជាមួយលោកជំទាវ។

កម្មវិធីនេះក៏មានអញ្ជើញចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តលោកជំទាវ នួម សុភ័ណ សមាជិករដ្ឋសភា ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្តអភិបាលក្រុងស្រុក មន្ទីរពាក់ព័ន្ធជុំវិញខេត្ត តាជី យាយជី និងយុវជនយ៉ាងច្រើនកុះករ។
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គឺជាព្រះរាជវីរនារីមួយអង្គ ដែលបានលះបង់ព្រះកាយពល និងព្រះរាជបញ្ញាញាណ ដើម្បីបុព្វហេតុជាតិ និងប្រជារាស្ត្រជាទីស្រឡាញ់។ ក្នុងនាមជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រះអង្គបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចការមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ។ ព្រះរាជសកម្មភាពដ៏ផូរផង់របស់ព្រះអង្គ បានក្លាយជាម្លប់ដ៏ត្រជាក់ និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ប្រជារាស្ត្រខ្មែរគ្រប់រូប។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានមាន ប្រសាសន៍រៀបរាប់ពីព្រះរាជគុណូបការៈរបស់សម្តេចម៉ែ ចំពោះជាតិនិងប្រជារាស្ត្រ ព្រមទាំងសារៈសំខាន់នៃព្រះរាជពិធីនេះ។
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនេះ មិនត្រឹមតែជាការអបអរសាទរព្រះជន្មាយុរបស់ព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយសម្រាប់ប្រជារាស្ត្រខ្មែរទូទៅ ជាពិសេសប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ក្នុងការបួងសួងថ្វាយព្រះពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទ្រង់មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងជាគំរូដ៏ថ្លៃថ្លាសម្រាប់កូនចៅចៅទួតជានិច្ចនិរន្តរ៍។
ពិធីនេះបានបញ្ចប់ទៅប្រកបដោយបរិយាកាសដ៏ឧឡារិក និងក្តីសោមនស្សរីករាយ បង្ហាញពីសាមគ្គីភាព និងការរួបរួមគ្នាក្រោមម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្រីជាទីគោរពសក្ការៈ៕
ដោយ៖ ឈុនសារ៉ាត





