មន្ទីកិច្ចការនារីខេត្តកំពង់ធំជំរុញឱ្យក្រុមការងារយេនឌ័រមន្ទីរអង្គភាព ក្រុង ស្រុក ផ្សព្វផ្សាយដល់ស្ត្រីចូលរួមការងារសង្គមឱ្យបានច្រើន
AKPកំពង់ធំថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥--
លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំបានជំរុញឱ្យក្រុមការងារយេនឌ័រតាមមន្ទីរអង្គភាពនិងក្រុង ស្រុក ផ្សព្វផ្សាយដល់ស្ត្រីចូលរួមការងារសង្គមឱ្យបានច្រើនដើម្បីទទួលបានបទពិសោធន៍និងចំណេះដឹង ក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៥ជាមួយក្រុមការងារយេនឌ័រមកពីតាមមន្ទីរអង្គភាពជុំវិញខេត្ត អង្គការពាក់ព័ន្ធក្នុងខេត្តនិងការិយាល័យសង្គមកិច្ចនិងសុខមាលភាពសង្គម ក្រុង ស្រុកទាំង៩នៅសាលប្រជុំមន្ទីរកិច្ចការនារី ខេត្តកំពង់ធំនាព្រឹកថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៥។

លោកស្រី ស៊ិន ស៊ីផាន បានមានប្រសាសន៍ថា កិច្ចប្រជុំប្រចាំឆមាសទី១ដែលរៀបចំឡើងនាពេលនេះពិតជាមានសារៈសំខាន់ណាស់ដល់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីមានឱកាសក្នុងការរាយការណ៍ដល់ថ្នាក់ដឹកនាំ អំពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងផែនការបន្តរបស់ខ្លួន ដើម្បីជាមូលដ្ឋានក្នុងការពង្រឹង តាមរយៈការផ្សព្វផ្សាយ និងជួយគាំទ្រដល់ផ្នែកតម្រូវការប្រជាពលរដ្ឋឱ្យយល់ច្បាស់ និងចូលរួមក្នុងកិច្ចការងារនេះ។

លោកស្រីបានបន្តថាការផ្តល់ឱកាសនិងការជំរុញភាពអង់អាចដល់ស្ត្រីដើម្បីធ្វើឱ្យប្រសើរឡើងនូវសិទ្ធិ ឋានៈ តួនាទី និងជីវភាពរស់នៅរបស់មន្ត្រីរាជការជានារី នៅក្នុងអង្គភាពរបស់ខ្លួននិងបន្តលើកកម្ពស់សមធម៌យេនឌ័រ ក្នុងការបណ្តុះបណ្តាលបំពាក់បំប៉នជំនាញបច្ចេកទេស ដើម្បីបង្កើនសមត្ថភាពរបស់ស្ត្រីក្នុងការផ្តល់ឱកាសដល់ស្ត្រី និងកូនស្រីឱ្យទទួលបាននូវចំណេះដឹង ជំនាញបច្ចេកទេសថ្មីៗបន្ថែមទៀត ព្រមទាំងបង្កើនការចូលរួមរបស់ស្ត្រីឱ្យបានកាន់តែច្រើនឡើង តាមរយៈការលើកកម្ពស់សិទ្ធិនិងឋានៈ របស់ស្ដ្រី គ្រប់ថ្នាក់ ដើម្បីឱ្យស្ត្រីបានចូលរួមកាន់តែសកម្មក្នុងការធ្វើសេចក្តីសម្រេចនានា។

លោកស្រីស៊ិន ស៊ីផានបានស្នើដល់ អស់លោក លោកស្រី ដែលមានវត្តមាននាពេលនេះ ចូលរួមឱ្យបានផុសផុលដើម្បីឱ្យកិច្ចប្រជុំទទួលបានលទ្ធផលផ្លែផ្កា ព្រមទាំងជំរុញដល់ក្រុមការងារយេនឌ័រតាមមន្ទីរ អង្គភាពជុំវិញខេត្ត អង្គការពាក់ព័ន្ធក្នុងខេត្តនិងការិយាល័យសង្គមកិច្ចនិងសុខមាលភាពសង្គមក្រុង ស្រុកទាំង៩សូមជួយផ្សព្វផ្យាយនៅអង្គភាពរៀងៗខ្លួន និងក្នុងសហគមន៍ ដើម្បីឱ្យពួកគាត់បានយល់ដឹងនូវចំណុចសំខាន់ៗក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងការចូលរួមអភិវឌ្ឍន៏សេដ្ឋកិច្ច និងសង្គមជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀត៕
ដោយ៖ ស៊ុម វណ្ណា





