ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងការពារព្រំដែនគោកលេខ៤០២ ៤០៣ និងកងទ័ពជើងគោក យោធភូមិភាគទី៤
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២៥--
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងការពារលេខ៤០២, ៤០៣ និងកងទ័ពជើងគោក យោធភូមិភាគទី៤ ក្នុងតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី លួស ឡាញ់ នាយសេនាធិការរងយោធភូមិភាគទី៤ នៃកងការពារព្រំដែនគោក ៤០២ មេបញ្ជាការប្រចាំទិសទី៣ សំរោង លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០២ និងលោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងការពារព្រំដែនជាច្រើនរូបទៀត។

ថ្លែងនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលបានមកជួបសំណេះសំណាល និងសួរសុខទុក្ខផ្ទាល់ជាមួយបងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៃកងការពារព្រំដែន លេខ៤០២, ៤០៣ និងកងទ័ពជើងគោក យោធភូមិភាគទី៤ ដើម្បីផ្ដល់ការគាំទ្រលើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភជាសម្ភារ និងថវិកាមួយចំនួនដល់បងប្អូនកងកម្លាំងការពារព្រំដែនរបស់យើងដែលឈរជើងនៅសមរភូមិជួរមុខ និងដើម្បីបង្ហាញអំពីភាពរួបរួមគ្នាជាធ្លុងមួយដ៏រឹងមាំនៃខឿនការពារជាតិរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក៏បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនយុទ្ធជនទាំងអស់គ្នា ហើយក៏សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ព និងគ្រប់បណ្តាកងកម្លាំងឈរជើងការពារព្រំដែនទាំងអស់ ដែលបានលះបង់យ៉ាងធំធេងសាច់ស្រស់ ឈាមស្រស់ និងឃ្លាតឆ្ងាយពីក្រុមគ្រួសារជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារ មាតុភូមិរបស់យើង។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើដល់បងប្អូនកងទ័ព ការពារព្រំដែនទាំងអស់ ថែរក្សាសុខភាព និងបន្តពង្រឹងស្មារតីឱ្យបានខ្ជាប់ខ្ជួនក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្ដីសុខក្សេមក្សាន្ត របស់ប្រទេសជាតិយើង និងសូមជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ព្យាយាមដោះស្រាយឱ្យអស់លទ្ធភាព មិនរុញច្រានប្រទេសឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្គ្រាមនោះឡើយ ហើយយើងត្រូវរួបរួមគ្នាជាធ្លុងមួយ ដើម្បីទប់ស្កាត់ និងបំផ្លាញមហិច្ឆតា នយោបាយរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងយកបញ្ហាព្រំដែនជារបៀបវារៈបម្រើនយោបាយទុច្ចរិតរបស់ខ្លួន៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងសាធារណការ)





