ឧត្តមសេនីយ៍ទោសោម ស៊ុនផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ប្រគល់ភារកិច្ចជូនកងកម្លាំង ក្នុងភារកិច្ចការពារបូរណភាពទឹកដី និងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ
AKPកំពង់ធំថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥--
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៥បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅលើឆាកអន្តរជាតិ នៅក្នុងតំបន់ ពិសេសស្ថានការណ៍ ទូទៅរវាងកម្ពុជា-ថៃនិងបញ្ហាដែលកើតមានឡើងថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ដែលពេលនេះវីរ:កងទ័ពកម្ពុជាកំពុងឈរជើងយ៉ាងរឹងមាំក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង។

ជាមួយនេះដែរ កម្ពុជាបានសម្រេចយកតំបន់ទាំងបួន រួមមានប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អនអន្តរជាត(ICJ)ដេីម្បីបញ្ចប់ទំនាស់ជាមួយភាគីថៃ ព្រមទាំងបានផ្សព្វផ្សាយអនុសាសន៍ចំនួន ៦ ចំណុចរបស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយពីលទ្ធផលសំខាន់ៗ ក្នុងភារកិច្ចការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ។ការគ្រប់គ្រងការពារព្រៃឈើ ការការពារទប់ស្កាត់មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ។ ការបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ដែលមកដល់ពេលនេះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយកម្លាំងចម្រុះការពារទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ÷ទី១.ត្រូវត្រៀមខ្លួនរួចជាស្រេច រួមជាមួយគ្រឿងបំពាក់ មធ្យោបាយនានា តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារជាតិ ការពារបូរណភាពទឹកដី។ទី២.ត្រូវត្រៀមបម្រុងកងកម្លាំង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះទឹកជំនន់ ដោយពេលនេះទឹកស្ទឹងសែនបានហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ន ហើយ និងទី៣.ចូលរួមជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ក្នុងសកម្មភាពនានាជួយដល់សង្គមជាតិ បម្រើប្រជាជន និងបម្រើបងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ។
នាយទាហាននាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាត គោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ ស៊ុម វណ្ណា,ប្រភពតំបន់សឹករងកំពង់ធំ





