សម្ដេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋខ្មែរ កុំឆ្លៀតដំឡើងថ្លៃបន្លែផ្លែឈើក្នុងស្រុក បើមានការបិទលែងឱ្យថៃនាំចូលមកកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋខ្មែរ កុំឆ្លៀតដំឡើងថ្លៃបន្លែផ្លែឈើក្នុងស្រុក បើមានការបិទលែងឱ្យថៃនាំចូលមកកម្ពុជា។ សម្ដេចតេជោ អំពាវនាវបែបនេះ ដោយសារលទ្ធភាពនៃការបិទមិនឱ្យនាំទំនិញថៃចូលមកប្រើប្រាស់នកម្ពុជាគឺជាលទ្ធភាពខ្ពស់។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាថ្លែងសារពិសេសទៅកាន់ជនរួមជាតិក្នុងសម័យប្រជុំពេញអង្គលើកទី ៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងថា បើព្រំដែនមិនត្រូវបានបើកឱ្យដំណើរការឡើងវិញទេ សុំអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវនឹងនរ កុំឆ្លៀតដំឡើងថ្លៃផ្លែឈើនិងបន្លែនៅពេលនេះ ហើយងាកមកប្រើប្រាស់ទំនិញក្នុងស្រុករបស់យើងដោយគ្មានជាតិគីមីផងនិង មិនព្រួយបារម្ភរឿងជាតិគីមីផង។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ថា «កម្ពុជាត្រូវអនុវត្តវិធីសាស្ត្រដ៏រឹងមាំរបស់ខ្លួនដែរ យើងត្រូវជំនួសដោយផលិតផលក្នុងស្រុករបស់យើងដែលផលិតបាន ហើយយើងត្រូវប្រើនូវទំនិញពីប្រទេសផ្សេងក្រៅពីប្រទេសថៃ ហើយសារនេះយើងបានបញ្ជូនចេញពីមុនហើយ ក៏ប៉ុន្តែយើងសុំបញ្ជាក់ឡើងវិញទាំងអស់ រាជរដ្ឋាភិបាលបានត្រៀមខ្លួនហើយដើម្បីនឹងធ្វើកិច្ចការទាំងឡាយ ហើយកាត់បន្ថយទាំងអស់នូវការពឹងពាក់ពីសំណាក់ថៃ»។
សូមរម្លឹកជូនថា ស្ថានភាពនៃភាពតានតឹងរវាងកម្ពុជា-ថៃ កាល២០០៨ដល់២០១១ ភាគីថៃចង់បិទព្រំដែនម្ដងហើយ តែសម្ដេចតេជោ ប្រកាសថា ប្រសិនបើថៃហ៊ានបិទព្រំដែន កម្ពុជានឹងប្រកាសឈប់ប្រើទំនិញថៃទាំងអស់ ដូច្នេះ នៅពេលនោះ អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វាចាជីវ៉ា អត់ហ៊ានបិទទេ៕
ដោយ៖ គង់ សិរីរ័ត្ន





