សម្តេចតេជោគូស ហ៊ុន សែន ថ្លែងបញ្ជាក់ថា ចំពោះពលករដែលធ្វើការនៅប្រទេសថៃហើយត្រូវវិលត្រឡប់មកមាតុប្រទេសវិញទោះជាមាន ឬគ្មានលិខិតស្នាមក៏រាជរដ្ឋាភិបាលទទួលយកទាំងអស់ឱ្យតែជាជនជាតិខ្មែរ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥--តាមរយៈការថ្លែងសារពិសេសជូនជនរួមជាតិក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថា ចំពោះពលករដែលធ្វើការនៅប្រទេសថៃហើយត្រូវវិលត្រឡប់មកមាតុប្រទេសវិញទោះជាមាន ឬគ្មានលិខិតស្នាម ក៏រាជរដ្ឋាភិបាលទទួលយកទាំងអស់ឱ្យតែជាជនជាតិខ្មែរ យើងត្រូវតែទទួលយកពលរដ្ឋរបស់យើងត្រឡប់មកវិញ មិនត្រូវទុកឱ្យគេប្រមាថ កុំទុកឱ្យគេធ្វើបាប ព្រោះការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ ទៅលើពលករកម្ពុជាកំពុងតែឡើងកម្តៅ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឱ្យតែជាពលរដ្ឋកម្ពុជាយើងត្រូវតែទទួលយក ហើយត្រូវតែថែទាំឱ្យបានល្អ ដឹកជញ្ជូនពួកគាត់ទៅកាន់ភូមិកំណើត ហើយបន្ទាប់មកត្រូវរកការងារធ្វើនៅក្នុងប្រទេស ដោយសព្វថ្ងៃនេះយើងមានការងាររាប់សិបម៉ឺនកន្លែង ទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម ទាំងក្នុងវិស័យសំណង់។ ដូច្នេះ ការងារនេះគឺជាការងារដែលយើងត្រូវឱ្យបងប្អូនយើង មានការងារធ្វើនៅក្នុងប្រទេស ខណៈដែលយើងកំពុងតែខ្វះពលកម្មស្រាប់។
ទាក់ទងជាមួយបញ្ហាបំណុលតាមធនាគារវិញ សម្តេចតេជោប្រធានព្រឹទ្ធសភាបានថ្លែងឱ្យដឹងផងដែរថា នៅពេលដែលសម្តេចបានផុសតាមហ្វេសប៊ុកទៅ ឬក៏សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផុសតាមហ្វេសប៊ុកទៅ មានបងប្អូនខ្លះបានលើកឡើងពីបញ្ហានៃការបន្ធូរបន្ថយការជំពាក់បំណុលធនាគារក្នុងស្រុក ដែលរឿងនេះសម្តេចតេជោក្នុងនាមព្រឹទ្ធសភាកម្ពុជា និងក្នុងនាមជាប្រធានគណបក្សកាន់អំណាច សម្តេចក៏បានអរគុណចំពោះសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍គាំទ្រនូវការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅលើការបន្ធូរបន្ថយ ដែលអ្នកដែលជាប់ជំពាក់បំណុលធនាគារគឺអាចត្រូវទទួលបាននូវការបន្ធូរបន្ថយ តែមិនមែនជាការលុបចោលបំណុលនោះទេ ប៉ុន្តែជាការបន្ធូរបន្ថយ ឧទាហរណ៍ដូចជាការបង់ការប្រាក់ ដែលអាចពន្យារការបង់ការប្រាក់ ឬអាចមិនយកការប្រាក់ក្នុងរយៈពេលណាមួយទៅតាមលក្ខណៈសម្បត្តិជាក់ស្ដែង។
សម្តេចតេជោប្រធានព្រឹទ្ធសភាក៏សូមអំពាវនាវបន្ថែមឱ្យសមាគមធនាគារកម្ពុជាក៏ដូចជាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាខិតខំដើម្បីជួយស្រោចស្រង់បងប្អូនដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ដោយពួកគាត់មិនអាចនៅទីនោះអស់មួយជីវិតបានទេ។ សម្ដេចតេជោបានបន្ថែមថា សភាពការណ៍នេះ ក៏យើងត្រូវនិទស្សន៍ឱ្យបានដឹងមុនថានៅពេលដែលរឿងរ៉ាវព្រំដែនមិនទាន់ចប់ សភាពការណ៍ ការប្រមាថ ការមាក់ងាយនៅមានជាបន្ត។ ដូច្នេះបងប្អូនគួរត្រូវតែចាកចេញឱ្យបានមុនពេលគេបណ្តេញចេញ ដោយសម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជាកំសត់ណាស់ទៅហើយ ពីមុនយើងខ្វះការងារធ្វើ តែឥឡូវយើងមានការងារនៅក្នុងប្រទេសរបស់យើង យើងត្រូវវិលត្រឡប់មកកាន់ប្រទេសរបស់យើងវិញ។
ជាមួយគ្នានេះ សម្តេចតេជោសង្ឃឹមថា បងប្អូននឹងធ្វើកិច្ចការងារនេះ និងសូមឱ្យទាំងស្ថានទូតកម្ពុជានៅប្រទេសថៃ បណ្តាភ្នាក់ងារការងាររបស់យើង បណ្តាកុងស៊ុលត្រូវសម្របសម្រួលទៅលើរឿងនេះ អាជ្ញាធរនៅតាមព្រំដែនត្រូវខិតខំធ្វើការងារនេះ ផ្នែកពាក់ព័ន្ធត្រូវខិតខំធ្វើការងារនេះដើម្បីដោះស្រាយបញ្ហាសម្រាប់បងប្អូនដែលត្រូវវិលត្រឡប់មកកម្ពុជាវិញ៕
ដោយ៖ ចាន់ សុភឿន





