សម្តេចតេជោហ៊ុន សែន គូសបញ្ជាក់ថា ចាប់ពីស្អែកបើភាគីថៃមិនព្រមបើកច្រកព្រំដែនដូចដើមវិញទេ កម្ពុជានឹងបិទច្រកព្រំដែនដោយមិនអនុញ្ញាតឱ្យដឹកបន្លែ ផ្លែឈើចូលមកកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥-- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងនេះ បើភាគីថៃមិនព្រមបើកច្រកព្រំដែនដូចដើមវិញទេ កម្ពុជានឹងបិទច្រកព្រំដែនដោយមិនអនុញ្ញាតឱ្យដឹកបន្លែ ផ្លែឈើចូលមកកម្ពុជានោះទេ។ ការគូសបញ្ជាក់របស់សម្ដេចតេជោប្រធានព្រឹទ្ធសភាបែបនេះ ក្នុងឱកាសថ្លែងសារពិសស នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងសម្តេចមហាវរធិបតីនាយករដ្ឋមន្រ្ដីបានធ្វើការជួបសន្ទនាតាម ទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ ដើម្បីសុំចរចា បើកច្រកព្រំដែនវិញ ប៉ុន្តែមិនអាចនោះទេ ព្រោះថាការបិទរបស់ភាគីថៃ ជាការសម្រេចជាឯកតោភាគី ដូច្នេះការបើកជារឿងរបស់ថៃ។ សម្តេចតេជោបានលើកឡើងថា ភាគីថៃបានបិទច្រកព្រំដែនបានរំលោភលើកិច្ចព្រមព្រៀងជាមួយគ្នាទៅហើយ ដូច្នេះការបិទ និងបើកជារឿងរបស់ថៃ មិនពាក់ព័ន្ធនឹងកម្ពុជានោះទេ។ សម្តេចតេជោបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «កុំអីយើងបិទព្រំដែនថ្ងៃនេះទៅហើយ... អីញ្ចឹងស្អែកយើងនឹងបិទព្រំដែនទាំងអស់មិនឱ្យដឹកបន្លែ ផ្លែឈើចូលមកកម្ពុជានោះទេ បើសិនភាគីថៃមិនព្រមបើកច្រកព្រំដែនដូចដើម។ យើងមិនអាចចរចាជាមួយថៃដោយដាក់លក្ខខណ្ឌឱ្យយើងនោះទេ»។ សម្តេចតេជោប្រធានព្រឹទ្ធសភាបានបញ្ជាក់ទៀតថា ការបិទច្រកព្រំដែនកងទ័ពថៃជាអ្នកបិទ ដូច្នេះ កងទ័ពថៃត្រូវជាតែអ្នកបើក ហើយកម្ពុជាយើងមិនអាចយកការដាក់លក្ខខណ្ឌសម្រាប់ចរចាត្រង់ចំណុចព្រំដែននោះទេ។ សម្តេចតេជោក៏បានជម្រាបជូនផងដែរថា មានភាគីថៃបានស្នើសុំឱ្យមានការចរចា ប៉ុន្តែវាមិនសាកសមទេ នៅពេលដែលថៃបានរំលោភនៃកិច្ចព្រមព្រៀងទាំងពីរលើបញ្ហាច្រកព្រំដែននេះ។ សម្ដេចតេជោអះអាងថា ពេលគេបិទមិនប្រាប់មកយើង ផ្ទុយទៅវិញចង់បើកគេសុំចរចាដើម្បីកុំឱ្យបាក់មុខគេ ហើយចង់យកកម្ពុជាទៅបាក់មុខជាមួយ វាមិនអាចទៅរួចទេ។ សម្តេចតេជោបានបញ្ជាក់បន្ថែមថា ការសុំចរចាហើយដាក់លក្ខខណ្ឌនោះ យើងមិនព្រមទទួលយកបានទេ ហើយស្នើសុំឱ្យបងប្អូនប្រជាជនថៃធ្វើការតវ៉ាជាមួយយោធាថៃទៅ ហើយសុំកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជាដែលបិទច្រកដូង ហើយបិទមិនឱ្យនាំបន្លែ ផ្លែឈើ ដែលមួយថ្ងៃៗ ដឹកមករាប់រយឡានចូលមកកម្ពុជា និងឆ្លងកាត់ទៅវៀតណាម។ សម្តេចតេជោបានបន្ដថា កុំអីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ នឹងបិទច្រកព្រំដែនកម្ពុជា-ថៃទាំងអស់ ក្នុងការមិនឱ្យនាំចូលបន្លែ និងផ្លែឈើចូលមកកម្ពុជា។ ប៉ុន្តែ ដោយសារតែមានការសន្ទនារវាងសម្តេច ជាមួយនឹងនាយករដ្ឋមន្ត្រីថៃ រវាងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយនាយករដ្ឋមន្រ្ដីថៃ យើងបានពន្យាពេល២៤ម៉ោង។
ក្នុងឱកាសនោះ សម្តេចតេជោបានសង្កត់ធ្ងន់ថា៖ «ថ្ងៃនេះបើភាគីមិនព្រមបើកច្រកព្រំដែនឱ្យដូចដើមវិញទេ ស្អែកយើងនឹងចាប់ផ្តើមអនុវត្តន៍បិទទូទាំងគ្រប់ច្រកព្រំដែនជាមួយថៃ ដោយហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើចូលមកកម្ពុជា»៕
ដោយ៖ ប៊ុនរិទ្ធ





