ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានានៅសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈប្រតិភូក្រសួង អមដំណើរដោយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្ត្រីរាជការជាច្រើនរូប បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានានៃសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ភូមិគីរីវន្តឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

លោក ជាប សៅ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ បានលើកឡើងថា អាគាររដ្ឋបាល អគារស្នាក់នៅរបស់មន្ត្រី ប៉ុស្តិ៍សន្តិសុខ រោងម៉ាស៊ីនភ្លើង ក្លោងទ្វារ ចំណតរថយន្ត រូបសំណាក់ព្រះអង្គប្រក់នាគ បំពាក់ការិយាល័យសម្ភារ និងគ្រឿងសង្ហារិម អគាររដ្ឋបាល រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតការិយាល័យគយ និងរដ្ឋាករបានចាប់ផ្ដើមសាងសង់រួចជាស្ថាពរ ដាក់ឱ្យប្រើប្រាស់នាពេលនេះគឺដើម្បីបម្រើដល់ការត្រួតពិនិត្យទំនិញចេញចូល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ទមុនីរ័ត្ន បានមានប្រសាសន៍ថា ភារកិច្ចសំខាន់របស់គយ និងរដ្ឋាករគឺការងារកៀរគរប្រមូលចំណូលពន្ធ ការងារសម្របសម្រួលពាណិជ្ជកម្ម និងការងារចូលរួមចំណែកការពារសន្តិសុខ អធិបតេយ្យ ព្រមទាំងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យក៏បានជំរុញដល់សាខាគយ និងរដ្ឋាករខេត្តកំពង់ធំ និងមន្ត្រីគយទាំងអស់ ត្រូវខិតខំបំពេញភារកិច្ច តួនាទីរបស់ខ្លួនឱ្យបានល្អ ជាពិសេសត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត និងគ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ដើម្បីជំរុញឱ្យការប្រមូលពន្ធជូនរដ្ឋតាមគ្រប់ផែនការ ក៏ដូចជាលើសផែនការ សម្រាប់សេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្តថា ដើម្បីអនុវត្តការគៀងគរចំណូលឱ្យមានប្រសិទ្ធភាព អង្គភាពសាខាគយនិងរដ្ឋាករទាំងអស់ជាពិសេសការិយាល័យគយ និងរដ្ឋាករត្រូវខិតខំប្រឹងប្រែងអនុវត្តការងារឱ្យបានល្អ ការបង្កើនយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ ការរត់ពន្ធខុសច្បាប់ដើម្បីប្រមូលគៀងគររកចំណូលឱ្យបានកាន់តែច្រើន ពោលគឺពង្រឹងការគ្រប់គ្រង ប្រមូលចំណូលឱ្យអស់សក្តានុពលដើម្បីប្រមូលចំណូលចូលថវិកាជាតិ។

សូមជម្រាបថាអគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានានៃសាខាគយ និងរដ្ឋាករខេត្តកំពង់ធំបានផុសរូបរាងឡើងយ៉ាងប្រណិតតាមស្តង់ដារ ដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ នឹងជួយបង្កបរិយាកាសការងារកាន់តែល្អ ដល់មន្ត្រីគយ បន្តបំពេញការងារប្រមូលពន្ធកាន់តែល្អថែមទៀតជាពិសេសជួយពន្លឿនកិច្ចការងារត្រួតពិនិត្យតាមស្តង់ដារ និងធានាបាននូវរាល់ទំនិញត្រឹមត្រូវតាមច្បាប់៕
ដោយ ស៊ុម វណ្ណា





