អភិបាលខេត្តកំពង់ស្ពឺអញ្ជើញចុះពិនិត្យទីតាំងក្នុងតំបន់បរិវេណ ម-១៣ (អតីតមន្ទីរឃុំឃាំងសម័យខ្មែរក្រហម)
AKP កំពង់ស្ពឺ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងក្នុងតំបន់បរិវេណ ម-១៣ ជាអតីតមន្ទីរឃុំឃាំង១៣ (ទីតាំងមេរៀនប្រវត្តិសាស្ត្រនៃការចងចាំ និងទប់ស្កាត់ការកើតឡើងជាថ្មីនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍) ដែលស្ថិតនៅទីតាំងតំបន់ទ្រនាប់ក្នុងឃុំអមលាំង ស្រុកថ្ពងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា គោលនយោបាយដឹកនាំប្រទេសមហាអស្ចារ្យ មហាលោតភ្លោះដ៏ឆ្កួតលីលារបស់ពួកខ្មែរក្រហម ក្នុងនោះមានការជម្លៀសប្រជាជនចេញពីទីក្រុង ការលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់ចោលរូបិយប័ណ្ណ លុបបំបាត់សាសនា បង្កើតសហករ ធ្វើការរួម ហូបរួមគ្នានៅទូទាំងប្រទេសជាដើម។ល។ ជាងនេះ គោលនយោបាយនៃរបបអាវខ្មៅនេះបានចាប់ផ្ដើមសម្លាប់រង្គាល ប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង យ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ ចាប់ពីថ្ងៃដែលពួកគេបានឡើងគ្រប់គ្រងប្រទេសពីថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ បានបង្កជាសោកនាដកម្មដ៏ជូរចត់ជាពេលវេលាដ៏ខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក ធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន ពីកំណើតរបស់មនុស្សក៏គ្មានដែរ។ យើងចងចាំរបបខ្មែរក្រហមមិនអាចបំភ្លេចបានឡើយ ហើយបើគ្មានថ្ងៃ៧ មករា ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិត ដើម្បីមកកសាងអភិវឌ្ឍប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះនោះទេ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង សម្រាប់យើង កសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសង្កត់ធ្ងន់ថា សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថេរភាពរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្លាតវៃ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧នៃរដ្ឋសភា ដែលយើងទទួលបានដោយលំបាកនេះឱ្យបានគង់វង្សជារៀងរហូត និងនាំគ្នាទប់ស្កាត់កុំឱ្យសង្រ្គាម និងរបបប្រល័យពូជសាសន៍វិលមកសារជាថ្មី ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពសម្បូរសប្បាយរុងរឿងជាងនេះថែមទៀត៕


ដោយ លឹម សាន្ត





