អតីតយុទ្ធជន៦១គ្រួសារនៅបន្ទាយមានជ័យទទួលបានថវិកាឧបត្ថម្ភពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់
AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥--លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានដឹកនាំក្រុមការងារនាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជនចំនួន៦១គ្រួសារ ដោយពិធីប្រគល់-ទទួលនេះបានធ្វើឡើងនៅភូមិសាស្ត្រឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

គ្រួសារអតីតយុទ្ធជនបានទទួលថវិកាចំនួន ៧២០.០០០ រៀល (ប្រាំពីររយម្ភៃពាន់រៀល) ក្នុងមួយគ្រួសារ ដែលថវិកានេះត្រូវបានផ្តល់ជូនសម្រាប់ដីស្រែរបស់ពួកគាត់ដែលមានការពាក់ព័ន្ធនឹងដីគម្រោងសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III)។

ក្នុងឱកាសនោះ លោក ឃ្លោក នួយ បានថ្លែងទៅកាន់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ដោយក្ដីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅ និងបានបញ្ជាក់ថា "ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាទីបំផុត ដែលបានតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត នាំយកនូវថវិការបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មកប្រគល់ជូនបងប្អូនអតីតយុទ្ធជនទាំងអស់គ្នា។ នេះជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចំពោះសុខុមាលភាព និងជីវភាពរបស់បងប្អូនអតីតយុទ្ធជន ដែលជាវីរបុរសបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិនោះ"។

ការឧបត្ថម្ភថវិកានេះ គឺជាការដឹងគុណដ៏ធំធេងចំពោះគុណបំណាច់របស់បងប្អូនកាលពីអតីតកាល ហើយវាក៏ជាការរួមចំណែកជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូន ដែលមានដីស្រែពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច LASED III។ រាជរដ្ឋាភិបាលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ដោយមិនបោះបង់នរណាម្នាក់ចោលនោះទេ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ថវិកានេះនឹងជួយសម្រួលដល់ការលំបាកមួយចំនួនរបស់បងប្អូន និងគ្រួសារ។ សូមបងប្អូនអតីតយុទ្ធជនទាំងអស់ រក្សាបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

សូមបញ្ជាក់ថា គម្រោងសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) គឺជាគម្រោងអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ដែលមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតំបន់ជនបទ។ ការឧបត្ថម្ភថវិកាជូនអតីតយុទ្ធជនដែលរងផលប៉ះពាល់ពីគម្រោងនេះ គឺជាសកម្មភាពដ៏គួរឱ្យកោតសរសើរ ដែលឆ្លុះបញ្ចាំងពីគោលនយោបាយមនុស្សធម៌ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ ឈុន សារ៉ាត





