ពិធីបុណ្យផ្កាប្រាក់សាមគ្គី និងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦នៅវត្តក្តីអណ្ដែត
AKP កំពង់ធំ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម លី ច័ន្ទ តុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ អនុប្រធាន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងលោក ស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បាន អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី និងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦នៅវត្តក្តីអណ្តែត សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត ព្រះសង្ឃ កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនអង្គ/នាក់។

ក្នុងឱកាសនោះ ឯកឧត្តម លី ច័ន្ទតុលា បានស្នើសុំឱ្យសមណសិស្ស-សិស្សទាំងអស់យកចិត្តទុកដាក់រៀនសូត្រ រក្សាសុជីវធម៌ និងរួមដៃគ្នាថែរក្សាបេះដូងសាមគ្គីជាតិ ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ។

ពិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីរួមចំណែកក្នុងការទ្រទ្រង់ចង្ហាន់ព្រះសង្ឃក្នុងវត្ត ប្រាក់ខែគ្រូបង្រៀនសមណសិស្ស-សិស្ស និងការចំណាយទូទៅក្នុងវត្តក្តីអណ្តែតហើយឯកឧត្តម លី ច័ន្ទតុលា បានប្រគេនបច្ច័យចំនួន១២២៥០០០០រៀល និងអង្ករផ្កាម្លិះ១តោន ដល់ព្រះសង្ឃ និងគណៈកម្មការវត្តក្តីអណ្តែតផងដែរ៕


ដោយ ស៊ុម វណ្ណា





