ឧត្តមសេនីយ៍ទោ សោម ស៊ុន ជួបសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចជូនកងកម្លាំងប្រចាំការបង្ក្រាបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប
AKP កំពង់ធំ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំសហការីទៅជួបសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ច ការពារធនធានធម្មជាតិ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកវរសេនីយ៍ទោ ទិត ចាន់ នាយសេនាធិការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាមេបញ្ជាការកងកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទនៅទិសភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងលោក លុយ សុភាព ប្រធានទីបញ្ជាការស្រាលប្រចាំទិសឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានរាយការណ៍ថា កន្លងមកនេះការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ទទួលបានលទ្ធផលល្អប្រសើរ។ ការដាក់របាំងសាច់អួន និងរបាំស្បៃមុងខុសច្បាប់ ត្រូវបានកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមសហការជាមួយកងកម្លាំងចម្រុះបង្ក្រាបនិងបំផ្លាញចោលនូវឧបករណ៍នៃសាទខុសច្បាប់បានជាបន្តបន្ទាប់ ប៉ុន្តែបទល្មើសនេសាទនៅតែបន្តកើតឡើង ដោយក្រុមជនល្មើសមួយចំនួននៅតែបន្តលបលួច ដាក់ឧបករណ៍នេសាទខុសច្បាប់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយបំផ្លាញធនធានមច្ឆជាតិ សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនទូទៅរាប់លាននាក់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងពីរគោលដៅ ដែលបានសហការល្អជាមួយកងកម្លាំងចម្រុះ ព្រមទាំងអាជ្ញាធរដែនដី ដោយបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ បានប្រគល់ជូន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ ពិសេសការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តធម៍អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយតាមច្បប់អន្តរជាតិ នៅតំបន់ចំនួនបួនគឺ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របីនិងតំបន់មុំបី។
ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្របឹងទន្លេសាបស្តីពីវិធានការទប់ស្កាត់ក្នុងរដូវបិទនេសាទ និងមានវិធានការម៉ឺងម៉ាត់ក្នុងការបង្ក្រាបការដាក់របាំងស្បៃមុងខុសច្បាប់ និងរបាំងស្បៃអួនក្រឡាញឹកខុសពីការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសកម្មភាពលួចឆក់ត្រីតាមគ្រប់រូបភាពហើយដាច់ខាតត្រូវការពារឱ្យបានតំបន់ឡូត៍អភិរក្សពូជត្រីដើម្បីឱ្យផលត្រីសំបូរឡើងវិញនៅក្នុងរដូវបើកនេសាទនៅពេលខាងមុខនេះក៏ដូចជាបណ្ដាឆ្នាំខាងមុខទៀត។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន៖ ប្រេងសាំងចំនួន៨០០លីត្រ និងស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនកងកម្លាំងទាំងពីរគោលដៅ សម្រាប់បន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទឱ្យដូចភ្លៀងរលឹមដោយគ្មានការដកថយឡើយ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





