ការប្រឡងជ្រើសរើសនិស្សិត (MEXT 2026) ទៅសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥-- ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាននៃក្រសួងអប់រំ យុវជន និងកីឡា បានសម្របសម្រួលក្នុងការរៀបចំដំណើរការសំណេរនៃការប្រឡងជ្រើសរើសនិស្សិត (MEXT 2026) ទៅសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានភាសាបរទេស ដោយមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងសរុបចំនួន៤៨៦នាក់ មាន២៣បន្ទប់ប្រឡង និងចែកចេញជា៤កម្រិត រួមមាន ថ្នាក់ក្រោយឧត្តមសិក្សា ថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយមន្ត្រីស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញពិនិត្យដំណើរការប្រព្រឹត្តទៅនៃការប្រឡងនេះ ដោយបេក្ខជនដែលចូលរួមត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាដែលបានកំណត់ទៅតាមកម្រិត និងជំនាញដែលខ្លួនបានជ្រើសរើស៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





