របាំក្ងោកពោធិ៍សាត់ និងល្ខោនបាសាក់ រឿងម៉ាភូយ៉ុងកែវ បង្ហាញខ្លួននៅលើផ្លូវថ្មើរជើង នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ជូនភ្ញៀវជាតិ-អន្តរជាតិ ទស្សនា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥-- របាំក្ងោកពោធិ៍សាត់ និងល្ខោនបាសាក់ រឿងម៉ាភូយ៉ុងកែវ បានបង្ហាញខ្លួននៅលើផ្លូវថ្មើរជើង Walk Street នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ជូនភ្ញៀវជាតិ-អន្តរជាតិ ទស្សនា ខណៈផ្លូវថ្មើរជើងនឹងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់ជិត៥ខែរួចមកនេះ។

សូមជម្រាបជូនថា ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ រួមជាមួយមន្ដ្រីពាក់ព័ន្ធ បានចុះពិនិត្យវឌ្ឍនភាពនៅផ្លូវថ្មើរជើង Walk Street នារាត្រីថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ បើទោះបីមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្តី។

មន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញបានឱ្យដឹងថា ក្នុងសប្ដាហ៍នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ នឹងលើកយកនូវផ្ទាំងសិល្បៈទស្សនីយភាពចំនួន០២ ដើម្បីសម្ដែងជូនភ្ញៀវជាតិ-អន្តរជាតិ និងពុក ម៉ែ បងប្អូន ទាំងអស់គ្នាបានទស្សនានៅផ្លូវថ្មើរជើង (Walk Street) ក្នុងនោះ ទស្សនីយភាពសិល្បៈរបាំប្រពៃណី (ក្ងោកពោធិ៍សាត់) និងទស្សនីយភាពសិល្បៈល្ខោនបាសាក់ (រឿងម៉ាភូយ៉ុងកែវ)។

ពាក់ព័ន្ធនឹងពិធីសម្ពោធជាផ្លូវការផ្លូវថ្មើរនេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកការប្រជុំជាច្រើនលើក ច្រើនសាររួចមកហើយ ដើម្បីធានាថាបញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែទទួលបានជោគជ័យ១០០ភាគរយ ជូនថ្នាក់ដឹកនាំកំពូលៗ និងអ្នកចូលរួមទាំងអស់ ជាមួយការបង្កើតឱ្យមានទីបញ្ជាការស្រាលជាច្រើនកន្លែង។ បន្ថែមពីនេះ ការជួសជុលផ្លូវ ការអ៊ុតគំនូសចរាចរ ការតុបតែង និងបំពាក់ភ្លើងបំភ្លឺ ក៏ត្រូវតែធ្វើឱ្យបានរួចរាល់នៅមុននៃការបើកសម្ពោធផងដែរ។

ក្នុងថ្ងៃបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឱ្យមានការប្រគុំតន្ត្រីខ្នាតធំ ដោយក្រុមហ៊ុនកាឡាក់ស៊ី (Galaxy) និងការសម្តែងសិល្បៈប្រពៃណី របាំចម្រុះ ដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ មានស្តង់លក់ដូរ ជាមួយនឹងការរៀបចំស្តង់ម្ហូបអាហារចំនួន២៖ ស្តង់ម្ហូបអាហារម៉ាឡេស៊ី និងស្តង់ម្ហូបអាហារឥណ្ឌាផងដែរ៕
ដោយ សួស សំរិត





