លោកជំទាវ ឡងឌី សាន់ណារ៉ា ជួបពិភាក្សាការងារ ឯកឧត្តម ហ័ង ដាវគឿង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ វៀតណាម
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥-- ក្នុងអំឡុងពេលនៃការដឹកនាំគណៈប្រតិភូទៅរៀបចំព្រឹត្តិការណ៍សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម ឆ្នាំ២០២៥ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ក៏ដូចជាជាមួយ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនរបស់ខេត្តបាក់លាវ និងខេត្តវិញឡុង របស់វៀតណាមផងដែរ។

ប្រភពពីក្រសួងវប្បធម៌ បានឱ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ថា ក្នុងជំនួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនរបស់ខេត្តបាក់លាវ និងខេត្តវិញឡុង ថ្នាក់ដឹកនាំខេត្តបានសម្តែងនូវស្វាគមន៍យ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជា ដែលបានមករៀបចំព្រឹត្តិការណ៍សប្តាហ៍វប្បធម៌នៅក្នុងខេត្តរបស់ខ្លួន ខណៈដែលលោកជំទាវរដ្ឋលេខាធិការ ក៏បានសម្តែងនូវការថ្លែងអំណរគុណក៏ដូចជានាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីជូនថ្នាក់ដឹកនាំខេត្តផងដែរ។ ក្នុងជំនួបទាំងពីរនេះ ភាគីកម្ពុជា និងវៀតណាម ផ្តោតលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកវប្បធម៌ និងសិល្បៈ។

សម្រាប់ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ហ័ង ដាវគឿង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទចំនួន៣គឺ៖ ទី១. ពិនិត្យនិងវាយតម្លៃកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរកន្លងមក ទី២. ផ្លាស់ប្តូជំនាញលើវិស័យទស្សនីយភាព និងទី៣. ផ្លាស់ប្ដូរបទពិសោធន៍លើ ឧស្សាហ៍កម្មវប្បធម៌ច្នៃប្រតិដ្ឋ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានលើកជាសំណើទៅកាន់ភាគីវៀតណាម ពិនិត្យលទ្ធភាពរួមគ្នាបង្កើតកម្មវិធីបង្ហាញសម្លៀកបំពាក់ប្រពៃណីនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមអនុរដ្ឋមន្ត្រី បានធ្វើការកោតសរសើរចំពោះគំនិតផ្តួចផ្តើមនេះ និងស្នើភាគីកម្ពុជាផ្តល់ព័ត៌មានលម្អិតដើម្បីធ្វើការពិនិត្យលទ្ធភាពរៀបចំ ៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





