ពលករខ្មែរប្រមាណជិត៣០០០នាក់សម្រុកត្រឡប់មកស្រុកកំណើតតាមច្រកអន្តរជាតិដូង
AKP បាត់ដំបង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥--
នៅចំណុចច្រកទ្វារអន្តរជាតិដូងស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ភាគីកម្ពុជានៅតែបន្តបិទទ្វារព្រំដែនដដែលដោយមិនអនុញ្ញាតឱ្យរថយន្តដឹកទំនិញពីប្រទេសថៃឆ្លងដែនចូលមកកម្ពុជាឡើយ ប៉ុន្តែអាជ្ញាធរបានបើកតែច្រកសម្រាប់អ្នកថ្មើជើងតែប៉ុណ្ណោះ ហើយភាគច្រើនគឺពលករខ្មែរដែលត្រឡប់មកស្រុកកំណើតវិញ។

គេសង្កេតឃើញថា ពលករខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃបាននាំគ្នាសម្រុកចេញយ៉ាងគំហុកចូលមកប្រទេសកម្ពុជាវិញ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ដោយសារតែបច្ចុប្បន្នកន្លែងការងារនៅក្នុងប្រទេសកម្ពុជាមានច្រើនសន្ធឹកសន្ធាប់សម្រាប់ពួកគាត់បើទោះជាប្រាក់កម្រៃទាបជាងបន្តិចក៏ដោយតែជាការងារស្របច្បាប់។
ដោយយោងតាមការអំពាវនាវនេះ ពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញពលករខ្មែរចាប់ផ្ដើមចាកចេញពីប្រទេសថៃជាហូរហែរ ប៉ុន្តែនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ គឺមានចំនួនច្រើនឡើងៗ។ មិនមានតួលេខពិតប្រាកដណាមួយពីចំនួនពលករវិលចូលស្រុកវិញនោះទេ ប៉ុន្តែបើតាមមន្ត្រីនៅច្រកទ្វារដូងបានប៉ាន់ប្រមាណថាមានប្រហែលជិត៣០០០នាក់ ក្នុងថ្ងៃទី១៥ ខែមិថុនានេះ។

បើតាមពលករឈ្មោះ ពិន វណ្ណៈ មានស្រុកកំណើតនៅឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បាននិយាយថា ពួកប៉ូលីសថៃបានដើរឆែកឆេរតាមផ្ទះមេការ និងឱ្យពួកយើងចាកចេញឱ្យឆាប់ បើគេចត្រូវមានទោស។ ពួកយើងមករកការងារនៅក្នុងប្រទេសវិញទោះបានកម្រៃតិចក៏ដោយចៀសវាងការមើលងាយពីសំណាក់ជនបរទេស។

សម្រាប់ច្រកទ្វារអន្តរជាតិនៅបន្តបិទរហូតចំពោះការដឹកជញ្ជូនដោយរថយន្តចេញចូលពីថៃធ្វើឱ្យរថយន្តដឹកទំនិញជាច្រើនកកស្ទះនៅខាងថៃ ឯខាងកម្ពុជាមានរថយន្តតិចតួច និងរទេះរុញបានត្រឡប់ក្រោយ៕
ដោយ សុផល





