អាជ្ញាធរខេត្តសៀមរាបអំពាវនាវដល់គ្រប់ភាគីចូលរួមជំរុញកូន ឬយុវជនឱ្យចូលរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស
AKP សៀមរាប ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥--
អាជ្ញាធរខេត្តសៀមរាប បានអំពាវនាវឱ្យគ្រប់ភាគីចូលរួមជំរុញយុវជនចូលរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស ដែលវានឹងជួយឲ្យពួកគេទទួលបានជំនាញពេញមួយជីវិត។ ថ្លែងនៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ "TVETបង្កើត ឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន" បានរៀបចំប្រារព្ធធ្វើនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានថ្លែងអំពាវនាវដល់អាណាព្យាបាល មាតាបិតា និងភាគីពាក់ពន្ធ័នានាចូលរួមជំរុញកូន ឬយុវជនឱ្យមកចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងលើកទឹកចិត្តពួកគាត់ឱ្យសិក្សាកម្មវិធីនេះឱ្យបានចប់សព្វគ្រប់ស្របតាមអភិក្រមរបស់សម្តេចមហាបរវធិបតីនាយករដ្ឋមន្រ្តី “ រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ”។

លោក ឌី រ៉ាដូ បានមានប្រសាសន៍បន្តថា ការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) លើកទី៨ ឆ្នាំ២០២៥ ស្របតាមរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំគឺដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតា បិតា អាណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (Technical Vocational Education and Training) ហៅកាត់ថៅ ធីវេត (TVET)។

លោកអភិបាលរងខេត្តក៏បានអំពាវនាវដល់វិទ្យាស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈទាំងពីរនៅក្នុងខេត្តសៀមរាបត្រូវជំរុញគ្រូបច្ចេកទេសឱ្យបង្កើនការសិក្សាស្រាវជ្រាវ និងមានកិច្ចសហការជាមួយបណ្តាសហគ្រាស គ្រឹះស្ថាន វិស័យឧស្សាហកម្ម ដើម្បីទទូលបាននូវចំណេះដឹងថ្មីៗទាក់ទងនឹងបច្ចេកវិទ្យាចុងក្រោយ ដែលជាតម្រូវការការងារជាក់ស្តែង ហើយធ្វើការផ្ទេរចំណេះដឹងទាំងនោះ តាមវិធីសាស្រ្តបង្រៀនថ្មី ប្រកបដោយប្រសិទ្ធភាព ក្នុងការជួយបង្ហាត់បង្រៀនដល់សិស្ស និស្សិតឱ្យងាយយល់ ស្រួលចាំ ឆាប់ចេះ និងអាចអនុវត្តបានប្រកបដោយគុណភាពខ្ពស់៕

ដោយ ឃុត សៅ





