ឯកឧត្តម អ៊ុន ចាន់ដា អំពាវនាវដល់យុវជន និងប្រជាពលរដ្ឋទាំងអស់ត្រូវស្វែងរកចំណេះជំនាញសម្រាប់ខ្លួនម្នាក់ៗ
AKP កំពង់ចាម ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានធ្វើការអំពាវនាវយុវជន និងប្រជាពលរដ្ឋទាំងអស់ត្រូវស្វែងរក ចំណេះជំនាញ សម្រាប់ខ្លួនម្នាក់ៗ ព្រោះចំណេះដឹង ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ បានគឺដើរតួនាទីសំខាន់ណាស់នៅក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរបស់ប្រទេស ព្រមទាំងការបង្កើត និងទទួលបានការងារធ្វើកាន់តែល្អ និងការជំរុញ លើកកម្ពស់ជីវភាពកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ។ រាជរដ្ឋាភិបាលបាន និងកំពុងធ្វើការកែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបង្កើតឱ្យមានប្រព័ន្ធឯកភាព អាចឆ្លងទៅមកបានដោយងាយស្រួល និងបើកឱកាសឱ្យអាចធ្វើការសម្រេចចិត្ត សិក្សានៅពេលណា ទីកន្លែងណា និងវិធីណាក៏បាន ស្របទៅតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋម្នាក់ៗ។

ឯកឧត្ដមអភិបាលខេត្តថ្លែងដូចនេះក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើត ឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នាព្រឹកថ្ងៃ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈខេត្តកំពង់ចាម ដោយមានការចូលរួមដោយឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។

ឯកឧត្ដម អ៊ុន ចាន់ដា បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា TVET DAY ក្នុងគោលបំណងដើម្បីលើកកម្ពស់ការ អប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយ អំពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជូនដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណៈជន និងផ្នែកឯកជន ឱ្យបានដឹង ចុះឈ្មោះចូលសិក្សាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសរួមទាំងបុគ្គលនៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយមិនបង់ថ្លៃសិក្សា ថែមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភ ប្រចាំខែ ២៨ ម៉ឺនរៀលទៀតផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមទៀតថាក្នុងជីវិតមនុស្សម្នាក់ត្រូវតែមានចំណេះជំនាញមួយពិតប្រាកដ ដើម្បីយកទៅប្រកបរបបចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលក្នុងគ្រួសារ បញ្ចៀស បានការធ្វើចំណាកស្រុកខុសច្បាប់ដោយប្រថុយប្រថាន ពិសេសជំរុញការអភិវឌ្ឍកម្លាំងពលកម្ម ជំនាញមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត ប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស និងធានាបានធនធានមនុស្ស ដែល មានកម្លាំងពលកម្មជំនាញ និងភាពប្រកួតប្រជែងខ្ពស់ ធានាថា «យុវជនម្នាក់មានជំនាញមួយយ៉ាង តិចប្រចាំជីវិត»៕
ដោយ ឆាយ ម៉ុត





