តំបន់កំពុងមានជម្លោះជាមួយថៃលែងជាប្រធានបទការពិភាក្សា និងដោះស្រាយនៅក្នុងក្របខ័ណ្ឌJBCទៀតហើយ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥-
ភាគីកម្ពុជាអះអាងនៅចំពោះមុខភាគីថៃថា ចាប់ពីពេលនេះតទៅតំបន់ទាំងបួន(តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី) លែងជាប្រធានបទ ឬកម្មវត្ថុនៃការពិភាក្សា និងដោះស្រាយនៅក្នុងក្របខណ្ឌគណៈកម្មការចម្រុះ ព្រំដែន (JBC) កម្ពុជា-ថៃ ទៀតហើយ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជានៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនឱ្យដឹងនៅរសៀលថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៥ឯកឧត្តម ឡាំ ជា បានបញ្ជាក់ថា ក្រៅពីតំបន់ទាំងបួនដែលស្ថិតក្នុងបណ្ដឹងទៅ តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ភាគីកម្ពុជានៅតែប្រកាន់ជំហរនិងសុច្ឆន្ទៈក្នុងការបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែន ដោយប្រើប្រាស់យន្តការគណៈកម្មការចម្រុះ ព្រំដែន (JBC) កម្ពុជា-ថៃ។
ឯកឧត្តម ឡាំ ជា ក៏បានបញ្ជាក់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រកាន់យក នូវសន្តិភាពនិយម និងចង់បានព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយភាគីថៃ ដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្ត និងផែនទីដែលបានឯកភាពគ្នា ដូចមាន ចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ ផែនទីមាត្រដ្ឋាន១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញា បារាំង-សៀមឆ្នាំ១៩០៧ ដើម្បីអនុវត្តការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន។

ក្នុងន័យនេះ ភាគីកម្ពុជា បានបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃបានគូសជាឯកតោភាគីហើយយកមក ប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជា ពេលបច្ចុប្បន្ន និងទៅអនាគត។
គួរបញ្ជាក់ថាក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ដែរថាក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព យោគយល់គ្នា ក្នុងស្មារតីពិភាក្សាគ្នាបើកចំហទៅវិញទៅមក និងប្រកបដោយភាពវិជ្ជមាន។

សូមជម្រាបថាកិច្ចប្រជុំនេះ បានបញ្ចប់ការពិភាក្សាទាំងស្រុងលើរបៀបវារៈដែលបានឯកភាពគ្នា និងបានចុះហត្ថលេខាលើកំណត់ហេតុ ជាផ្លូវការ នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។ ភាគីទាំងពីរឯកភាពគ្នាគ្រោងជួបប្រជុំគ្នាសាជាថ្មី នៅខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ៕
ដោយ៖ប៊ុនរិទ្ធុ,រូបថត៖ សួស សាវី





